រាជរដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត ៧ម៉ឺនដុល្លារ គាំទ្រការសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៦៩,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) គាំទ្រការសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣ នៅកម្ពុជា ។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ ។ ថវិកានេះត្រូវបានផ្តល់ជូនសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ស្ថាប័នទទួលជំនួយ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ) ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានពន្យល់ដោយសង្ខេបអំពីការគាំទ្ររបស់ជប៉ុន សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជានៅលើមាគ៌ានៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយបានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ជប៉ុនបានផ្តល់ជំនួយឥតសំណងជាហិបឆ្នោត និងរថយន្ត ក៏ដូចជាជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

នៅក្នុងគម្រោងនេះ សៀវភៅណែនាំដែលបានបោះពុម្ព អាវយឺត និងសម្ភារៈនានានឹងត្រូវបានផ្តល់ជូនដល់អ្នកសង្កេតការណ៍បោះឆ្នោតរយៈពេលខ្លីចំនួន ១០,២៤១នាក់ ដែលនឹងត្រូវបានដាក់ពង្រាយទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដាខាងមុខនេះ។ គម្រោងនេះនឹងចូលរួមចំណែកធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការគោរពឆន្ទៈអ្នកបោះឆ្នោតទាំងអស់ រួមទាំងស្ត្រី យុវជន និងក្រុមងាយបាត់ឱកាស។

សូមបញ្ជាក់ថា ៖ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ជាង ៦៨០គម្រោង នៅទូទាំងប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner