សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលទាំងនេះ ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ៖ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និងបានសម្ដែងនូវសេចក្តីពេញចិត្តចំពោះវឌ្ឍនភាព ក្នុងការសម្រេចបាននូវ អាទិភាពរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ជាពិសេស ក្នុងការប្រែក្លាយ អាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័នប្រកបដោយភាពស្វាហាប់ រឹងមាំ និងពោរពេញទៅដោយ សមត្ថភាពនិងប្រសិទ្ធភាព។ ប្រមុខដឹកនាំអាស៊ានក៏បានស្វាគមន៍អាទិភាព និងគំនិតផ្តួចផ្ដើមទាំងឡាយរបស់ឥណ្ឌូនេស៊ី មានជាអាទិ៍៖ (១) ការស្ដារនិងកសាងឡើងវិញ (២) សេដ្ឋកិច្ចឌីជីថល និង (៣) ចីរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ សម្ដេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយនឹងប្រមុខរដ្ឋដឹកនាំអាស៊ានដទៃទៀត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន កិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំទាំងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖
- អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយទាំងនៅក្នុងតំបន់ និងសាកលលោក ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហា ដែលអាស៊ានពុំអាចទទួលបានកុងសង់ស៊ីស ដោយមិនទុកឱ្យបញ្ហាទាំងនោះ ប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។
- ការពង្រឹងសហគមន៍អាស៊ានមិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេស គោលការណ៍ស្តីពីការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការពិគ្រោះយោបល់និងកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
- ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ដែល កំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃ សកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។
- នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹងឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការធ្វើឲ្យមានតុល្យភាព រវាងភាពជាក់ស្តែងនិយម និងបំណង ប្រាថ្នាដែលចង់បាន។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥នេះ គួរតែផ្តោតលើ សកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។
- ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមាន សារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ អាស៊ានគួរ ប្រកាន់ ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល អាច ជួយមីយ៉ាន់ម៉ាស្តារ សន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល និងនាំមុខ ក្នុងការដោះស្រាយការប្រឈមនានា ក្នុងតំបន់ និងសកលលោក។ កម្ពុជាក៏បានរំលេច ផងដែរថា អាស៊ានគួរ ស្វាគមន៍ គំនិតផ្តួចផ្តើមទាំងឡាយណារបស់ដៃគូ ខ្លួន ដរាបណា គំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ។ក្នុងកំឡុងពេល ស្នាក់នៅនៅក្រុងឡាប៊ូនបាចូ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកផងដែរជាមួយ ឯកឧត្តម ផាំ មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមនាយករដ្ឋមន្ត្រី ទួរ ម៉ាតាន់ រូអាក់ ដោយបានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះអាស៊ាន និងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសទាំងពីរនេះ ៕














អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត