អ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុបង្កើនហានិភ័យកម្តៅចំពោះកម្មករ
អន្តរជាតិ៖ អ្នកជំនាញនៃអង្គការពលកម្មអន្តរជាតិ(ILO)បានព្រមានកាលពីថ្ងៃពុធថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យកម្តៅ ដែលធ្វើឱ្យកម្មកររាប់ម៉ឺននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារជំងឺតម្រងនោមរ៉ាំរ៉ៃនិងជំងឺផ្សេងទៀតដែលទាក់ទងនឹងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
ប្រធានប្រចាំតំបន់នៃអង្គការពលកម្មអន្តរជាតិសម្រាប់បណ្តាប្រទេសអារ៉ាប់ លោក Ruba Jaradat បានប្រាប់កិច្ចប្រជុំស្ដីពីភាពតានតឹងការងារដែលផ្តោតលើការប្រែប្រួលអាកាសធាតុ និងរបៀបដែលការកើនឡើងកម្ដៅគំរាមកំហែងដល់សុខភាពកម្មករ នៅក្នុងទីក្រុងដូហា នៃប្រទេសកាតា ថា ប្រទេសទាំងអស់អាចធ្វើសកម្មភាពច្រើនជាងពេលបច្ចុប្បន្ន ដើម្បីកាត់បន្ថយហានិភ័យសម្រាប់កម្មករ។
បើយោងតាមក្រុមអ្នកស្រាវជ្រាវ កម្តៅខ្លាំង និងកាំរស្មីព្រះអាទិត្យ ធ្វើឱ្យកម្ដៅក្នុងរាយកាយរបស់មនុស្សឡើងក្ដៅខ្លាំង បង្កឱ្យមានជំងឺទាក់ទឹងនឹងក្រលៀន បេះដូង និងសួត ក៏ដូចជាបង្កើនអត្រានៃជំងឺមហារីកជាដើម។
របាយការណ៍ដែលដាក់បង្ហាញក្នុងកិច្ចប្រជុំនាទីក្រុងដូហាបានបង្ហាញថា កម្មករក្នុងវិស័យកសិកម្មប្រហែលមួយប៊ីលាននាក់ និងរាប់សិបលាននាក់ក្នុងវិស័យសំណង់ និងឧស្សាហកម្ម ដែលត្រូវធ្វើការហាលក្ដៅ បានរងផលប៉ះពាល់ជាងគេបំផុត។ យ៉ាងណាមិញ ឆ្មាំនៅអាងហែលទឹក អ្នកថែសួន និងបុគ្គលិកដឹកជញ្ជូន ក៏ប្រឈមនឹងគ្រោះថ្នាក់ដោយសារកំដៅផងដែរ។
ជាមួយគ្នានេះ កម្មករសំណង់ដែលប្រឈមមុខនឹងកាំរស្មីស្វាយអ៊ុលត្រាក្នុងរយៈពេលពី ៣០ ទៅ ៤០ ឆ្នាំ អាចមានហានិភ័យនៃជំងឺមហារីកស្បែកច្រើនជាងទ្វេដង។
ក្នុងការសិក្សាឆ្នាំ ២០២០ ក្រុមអ្នកស្រាវជ្រាវតៃវ៉ាន់បានព្រមានថា ជំងឺតម្រងនោមដោយសារតែកម្តៅខ្លាំង អាចប្រៀបស្មើនឹងជំងឺរាតត្បាតដំបូងបង្អស់ ដោយសារតែការឡើងកម្តៅនៃផែនដី។
យោងតាមការព្យាករណ៍របស់អង្គការ ILO អាស៊ីខាងត្បូង និងអនុតំបន់សាហារ៉ាអាហ្រ្វិក នឹងទទួលរងការផលប៉ះពាល់ខ្លាំងបំផុតពីការថយចុះម៉ោងធ្វើការ ដោយសារតែកម្ដៅឡើងក្ដៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
បន្ថែមពីនេះ អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ប្រជាជនក្នុងប្រទេសក្រីក្ររងហានិភ័យខ្លាំងជាងគេ ដូច្នេះគួរតែមានសកម្មភាពប្រឆាំងនឹងហានិភ័យទាំងនេះ តាមរយៈការបង្កើតស្ដង់ដារជាអន្តរជាតិមួយឱ្យពិភពលោកអនុវត្ត។ អ្នកជំនាញបន្តថា ការសម្រាក ការទទួលទានទឹក និងមានម្លប់ជ្រកគ្រប់គ្រាន់ឱ្យបានច្រើន គឺជាកត្តាចាំបាច់ដើម្បីកាត់បន្ថយហានិភ័យដោយសារកម្ដៅ។
គួរបញ្ជក់ថា ពិភពលោកមិនមានស្តង់ដារជាអន្តរជាតិលើកម្រិតសីតុណ្ហភាពប៉ុណ្ណា ដែលអាចឱ្យកម្មករធ្វើការងារហាលក្ដៅនោះទេ ប៉ុន្តែការប្រែប្រួលអាកាសធាតុជំរុញឱ្យមានការត្រួតពិនិត្យលើបញ្ហានេះឡើងវិញ។
កាលពីឆ្នាំ ២០២១ រដ្ឋាភិបាលអាមេរិកបានសន្យាដាក់ច្បាប់ថ្មីជុំវិញបញ្ហានេះ ក្រោយរលកកម្ដៅដ៏សាហាវបានវាយប្រហារប្រទេស។ សេតវិមានកាលនោះ បាននិយាយថា៖«កម្ដៅគឺជាឃាតករដែលពាក់ព័ន្ធនឹងអាកាសធាតុ ឈានមុខគេរបស់ប្រទេស»។ យ៉ាងណាមិញ មកទល់ពេលនេះ ការសន្យាមិនទាន់លេចចេញជាដុំកំភួននៅឡើយទេ។
នៅអឺរ៉ុបឯនោះវិញ រលកកម្ដៅក៏ធ្វើឱ្យមានមហន្តរាយផងដែរ។ ក្រៅតែពីប្រទេសកាតា ស៊ីបគឺជាប្រទេសដ៏កម្រមួយ ដែលបានដាក់កម្រិតម៉ោងធ្វើការ ដោយបញ្ជាឱ្យមានការសម្រាកបន្ថែម និងសម្លៀកបំពាក់ការពារកម្តៅនៅពេលសីតុណ្ហភាពកើនឡើងលើសពី ៣៥ អង្សាសេ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ Climate change raising heat risks for workers, experts warn