សម្តេចពិជ័យសេនា ទៀ បាញ់ លើកទឹកចិត្តដល់អត្តពលិកកម្ពុជារស់នៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅវិញ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតដល់ក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេស ដែលម្ចាស់ជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួប មុនពេលដែលពួកគេត្រូវជម្រាបលាពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសរៀងៗខ្លួនវិញ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នាពេលកន្លងមករហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកបដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងបានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះកម្ពុជា នៅក្នុងតំបន់ និងសកលលោក ។

សម្តេចពិជ័យសេនា មានប្រសាសន៍ទៀតថា ជោគជ័យដែលក្មួយៗទទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ទោះបីទៅរស់នៅប្រទេសណាក៏ដោយ ប៉ុន្តែពុំដែលបោះបង់ចោលប្រទេសជាតិមាតុភូមិរបស់ខ្លួនឡើយ ហើយគ្រប់ពេលវេលាដែលប្រទេសជាតិត្រូវការ ក្មួយៗក៏ដូចជាប្រជាពលរដ្ឋដទៃទៀតតែងតែចូលរួមគាំទ្រលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។ ទាំងអស់នេះ បានបង្ហាញពី ឆន្ទៈស្នេហាជាតិ ស្រឡាញ់ជាតិមាតុភូមិរបស់យើង នោះគឺការសាមគ្គីភាព ឯកភាពជាតិ បាននាំមកនូវ ជោគជ័យនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលជាវិស័យមួយតម្រូវឱ្យ យុវជនទាំងក្នុង និងក្រៅប្រទេសរួមគ្នាលើកតម្កើងឱ្យកាន់តែខ្លាំងក្លាថែមទៀត៕







អត្តបទ ង៉ាន់ ទិត្យ រូបវិដេអូ រិន រចនា