របបយោធាមីយ៉ាន់ម៉ាសន្យាបន្ធូរបន្ថយទោស និងផ្ដល់ជាប្រាក់រង្វាន់ ដល់អ្នកណាដែលចុះចូលនឹងខ្លួន ឬប្រគល់អាវុធឱ្យ

ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងជំរុញឱ្យប្រជាជនដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន ចុះចូលជាមួយក្រុមយោធា ឬប្រគល់អាវុធដែលពួកគេមាន ដើម្បីជាថ្នូរនឹងការទទួលបានប្រាក់រង្វាន់ និងការបន្ធូរបន្ថយទោស។

សេចក្តីប្រកាសជាផ្លូវការ ដែលចុះផ្សាយនៅលើកាសែត Global New Light of Myanmar កាលពីថ្ងៃពុធ បានសុំឱ្យមនុស្សពាក់ព័ន្ធនឹងអង្គការតស៊ូសំខាន់ៗ រួមទាំងកងកម្លាំងការពារប្រជាជន (PDF) ដើរចូលមករកផ្លូវត្រូវតាមច្បាប់វិញ ។ PDF គឺជាក្រុមប្រដាប់អាវុធនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ ២០២១។

សេចក្តីប្រកាសដដែល បានចោទប្រកាន់អង្គការប្រឆាំងយោធានានា ដែលកងទ័ពចាត់ទុកថាជាក្រុមភេរវករ ថាបានប្រើការភ័យខ្លាច និងការចាក់បញ្ចូលមនោគមន៍ ដើម្បីបញ្ចុះបញ្ចូល «ប្រជាជនស្លូតត្រង់» ឱ្យចូលរួមជាមួយពួកគេ។

សេចក្ដីប្រកាសបន្តថា អ្នកដែលចុះចូលនឹងរដ្ឋាភិបាលយោធា ក៏ត្រូវប្រឈមមុខនឹងការកាត់ទោសដូចគ្នា ក្នុងករណីដែលពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មរួមទាំងឃាតកម្ម ការរំលោភ និងធ្វើឱ្យអ្នកដទៃរងរបួសជាដើម ប៉ុន្តែពួកគេនឹងទទួលបានការបន្ថូរបន្ថយទោសអាស្រ័យលើបទល្មើសរបស់ខ្លួន។

ចំពោះអ្នកដែលប្រគល់កាំភ្លើង និងគ្រាប់រំសេវ នឹងទទួលបានប្រាក់ ៣ ៥០០ ដុល្លារ (៧,៥លានគីយ៉ាត), ២៦០ដុល្លារ សម្រាប់ការប្រគល់កាំភ្លើងផលិតដោយដៃ។ ហើយប្រសិនបើប្រគល់សព្វាវុធធំៗផ្សេងទៀត ដូចជាកាំភ្លើងត្បាល់ និងគ្រាប់រ៉ុក្កែត ពួកគេទទួលបានប្រាក់កាន់តែច្រើន។ ចំពោះការប្រគល់ដ្រូន ដែលអាចប្រើដើម្បីទម្លាក់គ្រាប់បែក ពួកគេនឹងទទួលបានប្រាក់ ២ ៤០០ ដុល្លារ។ នេះបើតាមសេចក្ដីប្រកាស។

ជុំវិញបញ្ហានេះ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងនិរទេសខ្លួន និងជានាយិកាប្រតិបត្តិនៃអង្គការ People’s Goal ដែលគាំទ្រអ្នករត់ចោលជួរកងកម្លាំងសន្តិសុខរដ្ឋ លោកស្រី Thinzar Shunlei Yi បាននិយាយថា យុទ្ធសាស្រ្តទាក់ទាញក្រុមយុវជន ដែលនៅជាមួយក្រុមប្រឆាំងយោធាឱ្យចុះចូលជាមួយរដ្ឋាភិបាលយោធានាពេលនេះ បង្ហាញឱ្យឃើញថា ក្រុមយោធាមិនយល់ពីមូលហេតុដែលក្រុមយុវជនចាប់កាន់អាវុធ និងបូជាជីវិតរបស់ពួកគេដើម្បីការបដិវត្តន៍នោះទេ។

លោកស្រី Thinzar Shunlei Yi បន្តថា៖ «គ្រាន់តែបញ្ចុះបញ្ចូលបែបនេះ មិនមែនមានន័យថា បដិវត្តន៍នឹងបញ្ចប់នោះទេ។ ពួកគេ(ក្រុមយោធា)គួរតែដឹងហើយតាមរយៈបទពិសោធន៍ជាង ៧០ ឆ្នាំមកនេះថា បើមិនមានយុត្តិធម៌ ឬក្រុមយោធាមិនត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញទេនោះ ប្រជាជននឹងបន្តបដិវត្តន៍របស់ខ្លួន»។ សូមរំឭកថា មីយ៉ាន់ម៉ាបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៨ ប៉ុន្តែបានប្រឈមមុខនឹងជម្លោះស៊ីវិលជាច្រើនលើកច្រើនសារចាប់តាំងពីពេលនោះមក ជាពិសេសពីក្រុមជនជាតិភាគតិចដែលចង់បានស្វ័យភាព។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាស្ថិតនៅក្នុងភាពចលាចលហិង្សា និងភាពចលាចលសេដ្ឋកិច្ច ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ ២០២១ ហើយបញ្ចេញយុទ្ធនាការបង្រ្កាបដោយការបង្ហូរឈាមលើក្រុមប្រឆាំង ដែលធ្វើការតស៊ូដោយប្រដាប់អាវុធទូទាំងប្រទេស។

ចាប់តាំងពីខែមិថុនាឆ្នាំមុនមក រដ្ឋាភិបាលយោធាបានជំរុញឱ្យប្រជាជនដែលកំពុងប្រយុទ្ធជាមួយយោធាទម្លាក់អាវុធរបស់ខ្លួន ហើយត្រឡប់ទៅរស់នៅជីវិតធម្មតាវិញ ដោយពួកគេនឹងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុមួយចំនួន ប៉ុន្តែការប្រកាសកាលពីលើកនោះមិនបានរាប់បញ្ចូលការបន្ធូរបន្ថយទោស និងប្រាក់រង្វាន់សម្រាប់ការប្រគល់អាវុធនោះទេ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner