រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាតនៃប្រទេសថៃ ប្ដេជ្ញាបើកច្រកទ្វារអន្តរជាតិ
ភ្នំពេញ៖ កម្ពុជា-ថៃ តាមរយៈអភិបាលខេត្តពោធិ៍សាត់និងអភិបាលខេត្តត្រាតរបស់ប្រទេសថៃ បានប្ដេជ្ញាបើកច្រកទ្វារអន្តរជាតិថ្មដា-បានថាសេន ដើម្បីបង្កើនការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលកម្ពុជានិងថៃមើលឃើញនូវសក្ដានុពលរៀងៗខ្លួន។

ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងអភិបាលខេត្តពោធិ៍សាត់និងអភិបាលខេត្តត្រាតនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយបានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់និងអភិបាលរងនៃគណៈអភិបាលខេត្តត្រាត។ក្នុងជំនួបសម្ដែងការគួរសមនេះដែរ ធ្វើឡើងស្របគ្នាក្នុងដំណើរទស្សនកិច្ចសិក្សា រយៈពេលពីរថ្ងៃ របស់គណៈប្រតិភូខេត្តពោធិ៍សាត់ ទៅកាន់ខេត្តត្រាតនៃប្រទេសថៃ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១១ ខែឧសភានេះបានប្រាប់ថា ថ្មីៗនេះលោកបានជួបពិភាក្សាជាមួយអភិបាលខេត្តត្រាតនៃប្រទេសថៃលោក ឆាំណានវីត តេរ៉ាត់ ហើយភាគីទាំងពីរបានប្ដេជ្ញាថានឹងបើកច្រកទ្វារអន្តរជាតិថ្មដា-បានថាសេន ដើម្បីដោះដូរទំនិញមានដូចជាអង្ករ ដំឡូងមី ធនធានធម្មជាតិ ត្រី និងបង្កើនទេសចរណ៍រវាងខេត្តពោធិ៍សាត់កម្ពុជា និងខេត្តត្រាតថៃ។

ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថា៖ «ពេលបច្ចុប្បន្ននេះយើងមិនអាចធ្វើទៅបានមែន ប៉ុន្ដែយើងផ្សារភ្ជាប់រវាងខេត្តទាំងពីរហ្នឹងគឺបានផ្ដេជ្ញាចិត្តរួមគ្នាថាយើងខឹតខំធ្វើម៉េចទំនាក់ទំនងគ្នាឱ្យល្អ អញ្ចឹងត្រូវផ្លាស់ប្ដូរការទស្សនកិច្ចទៅវិញទៅមក ហើយខាងភាគីថៃហ្នឹងក៏គេសំណូមពរមកយើងដែរថាឱ្យមានការចេញចូលទៅវិញទៅមកឱ្យបានច្រើនជាងមុន»។
តែយ៉ាងណាឯកឧត្តមអភិបាលខេត្តពោធិ៍សាត់មិនទាន់អាចកំណត់នូវថ្ងៃជាក់លាក់ក្នុងការបើកច្រកទ្វារអន្តរជាតិនេះទេខណៈប្រទេសទាំងពីរមិនទាន់យល់ស្របគ្នាទៅលើការបោះបង្គោលព្រំដែន។

ឯកឧត្តម ខូយ រីដា បានឱ្យដឹងទៀតថា ភាគីថៃថាអាចនឹងរង់ចាំរហូតដល់ការបោះឆ្នោតនៅថៃរួចរាល់សិន ទើបភាគីថៃរិះរកមធ្យោបាយបន្ថែមក្នុងការបើកច្រកទ្វារនេះ។
តែយ៉ាងណាភាគីកម្ពុជាថា បច្ចុប្បន្នមានតែការខិតខំរក្សានូវសន្តិសិខ ស្ថិរភាពនៅព្រំដែន និងបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធិ ស្របពេលដែលប្រទេសកម្ពុជានិងថៃមើលឃើញនូវសក្តានុពលផ្សេងៗរៀងៗខ្លួន។
គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៣ កាលពីឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីកម្ពុជានិងថៃបានជំរុញឱ្យអាជ្ញាពាក់ព័ន្ធប្រទេសទាំងពីរពន្លឿនការបើកច្រកទ្វារអន្តរជាតិចំនួនបួន ដែលក្នុងនោះរួមមានច្រកភ្នំដា-បានថាសេន រវាងខេត្តពោធិ៍សាត់នៃកម្ពុជា និងខេត្តត្រាតរបស់ប្រទេសថៃ។
សូមជម្រាបជូនថា យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៤។ ច្រកព្រំដែនទាំងនោះរួមមាន៖ ១. ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី, ២. ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត, ៣. ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ និងទី៤. ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។
ភាគីប្រទេសទាំងពីរ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធបានជួបគ្នា ពិសេសខេត្តនឹងខេត្ត ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំងបួនខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕ ដោយ៖ ទិត្យ រានុពិចិត្រ