ទិវាសត្វស្លាបទេសន្តរប្រវេសន៍ ពិភពលោកឆ្នាំ ២០២៣៖ «ទឹកជួយទ្រទ្រង់ដល់និរន្តរភាពជីវិតសត្វស្លាប»
ភ្នំពេញ៖ ក្រសួងបរិស្ថានបានរៀបចំទិវាសត្វស្លាបទេសន្តរប្រវេសន៍ ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «ទឹកជួយទ្រទ្រង់ដល់និរន្តរភាពជីវិតសត្វស្លាប» ក្នុងខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់តំបន់ដីសើម និងបណ្តុះគំនិតស្មារតីដល់សាធារជនចូលរួមអភិរក្សសត្វស្លាប។

ការប្រារព្ធពិធីនេះផ្តោតលើអត្ថន័យសំខាន់ក្នុងគោលបំណងលើកកម្ពស់ការ យល់ដឹងពីសារៈសំខាន់របស់តំបន់ដីសើម ពិសេសទឹក ចំពោះសត្វស្លាបទេសន្តរប្រវេសន៍។ មួយវិញនេះ ដើម្បីបង្កើនការយល់ដឹងសម្រាប់ការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងបណ្តុះគំនិតស្មារតីដល់ សាធារណជន ជាពិសេសសិក្សានុសិស្ស និងសហគមន៍មូលដ្ឋានឱ្យស្រលាញ់ ថែរក្សា និងចូលរួមការពារទីជម្រក និងកន្លែង រកចំណីរបស់សត្វស្លាប ទេសន្តរប្រវេសន៍។
សត្វស្លាបទេសន្តរប្រវេសន៍ មានលក្ខណៈរូបសាស្រ្ត និងសរីសាស្រ្តល្អបំផុត ដែលអាចហើរបានលឿន និងរយៈចម្ងាយឆ្ងាយ ដូចជាពពួកទីលីតដែល ជាប្រភេទ អាចធ្វើបម្លាស់ទីក្នុង រយៈចម្ងាយឆ្ងាយជាងគេបំផុត ហើយអាចធ្វើដំណើររហូតដល់១៦.០០០គីឡូម៉ែត្រ ចំនួនពីរលើកក្នុង មួយឆ្នាំ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិកាក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែឧសភា នាទិវាសត្វស្លាបទេសន្តរប្រវេសន៍ ពិភពលោកឆ្នាំ ២០២៣ ក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានថ្លែងថា៖ «នៅទឹកដីខេត្តត្បូងឃ្មុំយើងនេះ ក៏មានតំបន់ដីសើមសំខាន់ៗមួយចំនួន ត្រូវ បានកំណត់ជាតំបន់ការពារធម្មជាតិផងដែរ ពិសេសស្ថិតក្នុងស្រុកក្រូចឆ្មារយើងនេះគឺ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងបានកំពុងដំណើការ ដាក់តំបន់មួយចំនួនទៀតជាតំបន់ការពារធម្មជាតិ ដូចជាតំបន់ព្រៃឫស្សី និងព្រៃលិចទឹក មាត់ឃ្មង់ និងតំបន់ដីសើមបឹងកាពិត ជាដើម»។
តាមរយៈក្រសួងបរិស្ថានឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានបញ្ជាក់ដែរថា ជាមួយផ្ទៃដីចំនួន ១.៦៤៣ ហិកតា តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរនេះ បានទ្រទ្រង់ ដល់សត្វស្លាប ជាច្រើនប្រភេទ និងជាកន្លែងរកចំណីយ៉ាងសំខាន់របស់សត្វស្លាបទេសន្តរប្រវេសន៍។
មិនត្រឹមតែប៉ុណ្ណោះតំបន់បឹងកាដេរ ជាតំបន់ដីសើមដ៏មានសារៈសំខាន់សម្រាប់ការប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្ម ការទាញយកនូវធនធានជលផល ផលនិងអនុផលព្រៃលិចទឹក របស់ប្រជាជនរស់នៅជុំវិញតំបន់ ដែលមានតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ចសង្គម និងសម្បូរទៅដោយធនធាន ជីវៈចម្រុះ ជាច្រើនប្រភេទ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស្រ៊ុន ដារិទ្ធិ។
ឯកឧត្តមបានបន្ថែមថា ៖ «តំបន់នេះ មានតួនាទីយ៉ាងសំខាន់ចូលរួមចំណែក ក្នុងការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍ តំបន់នេះទាំងមូល និងព្រមទាំងលើកនូវកិត្យានុភាពរបស់ខេត្តត្បូងឃ្មុំ មួយកម្រិតបន្ថែមទៀត»។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ថា សត្វស្លាបទេសន្តរប្រវេសន៍នេះ បន្តពូជនៅស៊ីបេរី ហើយធ្វើបម្លាស់ទីទៅកាន់ឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្រ្វិច នៅពេលដែលមានលក្ខខ័ណ្ឌមិនសមប្រកបសម្រាប់ការរស់នៅរបស់វា។
ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍នេះរស់នៅពឹងផ្អែកលើធនធានតំបន់ ដីសើម នេះក៏ កំពុងប្រឈមនឹងកត្តាគំរាមកំហែងខាងលើនេះដែរ។ ការកើនឡើងនូវតម្រូវការទឹករបស់មនុស្ស ក៏ដូចជា ការ បំពុលទឹក និងបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យមានកង្វះទឹក កំពុងជះឥទ្ធិពលផ្ទាល់ទៅលើលទ្ធភាពទទួលបានទឹកស្អាត និងស្ថានភាព អភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើន។
សូមរំឮកផងដែរថា ក្នុងឆ្នាំ ២០២២កន្លងទៅ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក បានធ្វើឡើងក្រោមប្រធានបទ «ផលប៉ះពាល់នៃការបំពុលដោយពន្លឺ លើសត្វស្លាបទេសន្តរប្រវេសន៍» នាវិទ្យាល័យ ជា ស៊ីម ប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួម ពីតំណាងមន្ទីរពាក់ព័ន្ធនៃខេត្តកំពង់ធំ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន នាយកសាលា តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០នាក់ ៕ ដោយ៖ នាង សុគន្ធា