ក្រុមប្រឹក្សាសកម្មភាពជនពិការ៖ ជនមានពិការភាពទាំងអស់មានសិទ្ធិទទួលបានប្រព័ន្ធគាំពារសង្គម
ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនពិភាពនិងសិទ្ធិមនុស្សអន្តរជាតិ ដល់ទៅក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងជំរុញក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ បានឱ្យដឹងនៅថ្ងៃទី១០ ខែឧសភានេះថា ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិកាក្រុមប្រឹក្សាសកម្មភាពជនពិការ ជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងលិខិតបទដ្ឋានជាតិដែលពាក់ព័ន្ធនឹងកិច្ចការគាំពារជនពិការ ដែលមានការចូលរួមពីតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច និងលោកស្រី ឡុង ប៊ុណ្ណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ។
ក្រុមប្រឹក្សាសកម្មភាពជនពិការបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រីកនូវចំណេះដឹងដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ឱ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ មានលទ្ធភាពធ្វើការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងបន្តអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការដល់អ្នកពាក់ព័ន្ធ និងសហគមន៍ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងក្នុងពិធីបណ្ដុះបណ្ដាលថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក វិស័យពិការភាពមានការរីកចម្រើន ហើយការធ្វើបរិយាបន្នពិការភាពទៅក្នុងការផ្តល់សេវាសាធារណៈ និងការអនុវត្តកម្មជាតិផ្សេងៗដូចជាការកម្មវិធីកិច្ចគាំពារសង្គមជាដើម ក៏ត្រូវបានផ្តល់អាទិភាពសម្រាប់ជនមានពិការភាពផងដែរ។
លោក ឯម ច័ន្ទមករា បានឱ្យដឹងថា៖ «ជនមានពិការភាពមនុស្សគ្រប់រូបមានសិទ្ធិទទួលបានរបបសន្តិសុខសង្គម រួមទាំងការធានារ៉ាប់រងសង្គមដែលមានផងដែរ ដែលជួយពួកគាត់ ក្នុងការធានានូវមធ្យោបាយសម្រាប់ជីវិតដ៏ថ្លៃថ្នូរ និងសមរម្យ»។
បន្ថែមពីនេះ លោកថា ជនមានពិការភាព ក៏មានសិទ្ធិទទួលស្តង់ដារសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ ជារួមគឺសេវាថែទាំសុខភាពជាមូលដ្ឋាន និងតម្លៃសមរម្យ ព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពលកម្មកាយសម្បទា ឬមន្ទីពេទ្យរដ្ឋ។
នាឱកាសពិធីនេះដែរ អភិបាលរងខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុណ្ណារ៉េត បានលើកឡើងថា វគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ គឺជាកាលានុវត្តភាពមួយថ្មី សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ក្នុងការពង្រីកនូវចំណេះដឹងឱ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ មានលទ្ធភាពធ្វើការផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងបន្តអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការដល់អ្នកពាក់ព័ន្ធ និងសហគមន៍ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញានេះឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងទិសដៅចម្បងគឺបម្រើឱ្យផលប្រយោជន៍បងប្អូនជនពិការ។
ជាមួយគ្នានោះ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច ក៏បានថ្លែងថា ជនមានពិការភាពគួរតែមានសិទ្ធិចូលទៅកាន់បរិយាកាសទូលំទូលាយ ដើម្បីស្វែងរកសក្តានុពលរបស់ពួកគេក្នុងនាមបុគ្គល និងជាពលរដ្ឋ។ លទ្ធភាពទទួលបានគឺជាលក្ខខណ្ឌជាមុនសម្រាប់ជនពិការក្នុងការរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ និងស្មើភាពនៅក្នុងសង្គម។
លោកស្រី រួអេដា អិល ហាច បញ្ជាក់ថា៖ «ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបានសិទ្ធិមនុស្សនិងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា»៕ ដោយ៖ ជា សុខនី