រដ្ឋបាលខេត្តកែប ប្តេជ្ញាពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនពលរដ្ឋឱ្យអស់ត្រឹមឆ្នាំនេះ
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបបានជំរុញឱ្យបណ្តាក្រុង-ស្រុកក្នុងខេត្តកែប ធ្វើយ៉ាងណាពន្លឿនសកម្មភាពការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ខណៈថ្នាក់ដឹកនាំខេត្តនេះបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងបញ្ចប់លើកិច្ចការងារនេះឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៣នេះ។ ការប្តេជ្ញានិងជំរុញនេះត្រូវបានលើកឡើងនៅក្នុងសិន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកែប” កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានចាត់ទុកថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្ត ពិតជាមានសារៈសំខាន់ណាស់ ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំមកនេះ ការចុះបញ្ជីតាមលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកែប សម្រេចបានរហូតដល់ជាងបួនម៉ឺនបណ្ណ។
ឯកឧត្តមបានបន្តថា៖«គិតមកដល់ពេលនេះការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅទូទាំងខេត្តកែប សម្រេចបានស្ទើរតែគ្រប់ភូមិទៅហើយ យើងនៅតែប្រកាសបិទផ្សាយ និងប្រកាសតំបន់វិនិច្ឆ័យតែមួយភូមិទៀតប៉ុណ្ណោះ ហើយក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នឹងខិតធ្វើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យសម្រេចបាន១០០ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ»។
ជាមួយគ្នានេះឯកឧត្តមក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីនៅក្នុងខេត្តកែប ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់ការសហការគ្នាឱ្យកានតែមានប្រសិទ្ធភាពថែមទៀត ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានគុណភាព ពិសេសប័ណ្ណ ដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីអាចឱ្យពួកគាត់អាចប្រើប្រាស់សម្រាប់ផលប្រយោជន៍នានា។
ជាមួយគ្នានោះដែរ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានចាត់ទុកថា សមិទ្ធផលទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងរបស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្រ្តី និងបងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែចំនួននេះ នៅតែមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ។
លោកបានបន្តថា ក្រៅពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ មន្ទីរក៏នឹងខិតខំជំរុញការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយបានខិតខំធ្វើការសម្របសម្រួលដោះស្រាយករណីទំនាស់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផងដែរ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប គិតត្រឹមរយៈពេល៥ឆ្នាំមកនេះ ពោលពីឆ្នាំ២០១៨-២០២២ ពាក់ព័ន្ធនឹងការងារផ្នែកសូរិយោដី ឃើញថា ខេត្តកែប បានសម្រេចការចុះបញ្ជីដីធ្លីលើកដំបូង បានចំនួន ១២៧បណ្ណ ,ចុះបញ្ជីបន្តចំនួន ៤.៦៤៥បណ្ណ, ចុះបញ្ជីតាមលក្ខណៈជាប្រព័ន្ធ បានចំនួន ៤១.៩៣០បណ្ណ។ ក្រៅពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធហើយនោះ រដ្ឋបាលខេត្តកែប ក៏បានរៀបចំផែនការប្រើប្រាស់ដីធ្លីគ្រប់ភូមិនៅទូទាំងខេត្ត ពិសេសបានធ្វើប្លង់គោលស្រុកដំណាក់ចង្អើរសម្រេចបាន ១០០ភាគរយ ការកសាងប្លង់ទីប្រជុំជន និងការកសាងផែនទីប្រើប្រាស់ដីធ្លី ព្រំប្រទល់ ឃុំ សង្កាត់ និងហេដ្ឋារចនាសម្ពន្ធគ្រប់ឃុំ សង្កាត់ថែមទៀត។ ចំណែកឯ ផ្នែកសំណង់វិញ ខេត្តកែប ក៏បានចេញលិខិតអនុញ្ញាតសាងសង់សំណង់សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ផ្ទះសំណាក់ បុរី សំណង់អគារផ្សេងៗ សរុបចំនួន ៦៩គម្រោងផងដែរ។
បើតាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា គិតតាំងពីចាប់ផ្តើមអនុវត្តរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីដល់ពលរដ្ឋទូទាំងប្រទេសបានចំនួន៦,៧៣០,៧៥២បណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី។ កន្លងមក រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ក៏ធ្លាប់បានណែនាំដល់បណ្តារដ្ឋបាលខេត្តទាំងអស់ ត្រូវពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានសម្រេច១០០ភាគរយ នៅឆ្នាំ២០២៣ ដោយមិនត្រូវពន្យារពេលទៀតទេ៕ ដោយ៖ សែម ពិសី