ក្រសួងមហាផ្ទៃថាកម្មវិធីគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងតម្រូវឱ្យអាជ្ញាធរភូមិកត់ត្រាតាមប្រព័ន្ធទូរសព្ទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមហាផ្ទៃថា ការអភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងត្រូវអនុវត្តចាប់ពីភូមិមុនគេ ដោយក្រសួងតម្រូវឱ្យអាជ្ញាធរភូមិនីមួយៗ ត្រូវស្រង់ទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង តាមប្រព័ន្ធទូរសព្ទ ខណៈដែលកន្លងមក ទិន្នន័យប្រជាពលរដ្ឋ ត្រូវបានកត់តាមក្រដាសស្នាម។

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែឧសភានេះ បានបើកកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រោមវត្តមាន លោក សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន និងមានការអញ្ជើញចូលរួមពីអនុប្រធាន-សមាជិក-សមាជិកា នៃក្រុមការងារសិក្សាស្រាវជ្រាវនេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនោះ លោក សាន លុច បានថ្លែងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ចេញផែនការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង ដោយសារថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យល់ឃើញថា អ្វីៗកើតឡើងចេញពីភូមិមុនគេ។

លោក សាន លុច បានឱ្យដឹងថា៖ «យើងចង់ឱ្យមេភូមិនីមួយៗ ស្រង់យកទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង ព្រោះថាកាលពីពេលមុន ពួកគាត់គ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម ប៉ុន្ដែឥឡូវតម្រូវឱ្យពួកគាត់មកគ្រប់គ្រងតាមប្រព័ន្ធទូរសព្ទវិញ»។

លោកបន្ដថា ហើយក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋផងដែរ។ បន្ថែមពីនេះទៀត លោក សាន លុច ក៏បានណែនាំដល់ក្រុមការងារដែលធ្វើការលើកម្មវិធីគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំផែនការ និងបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាល ឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ នូវកម្មវិធីកត់ត្រា និងគ្រប់គ្រង់ទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមបណ្តា ភូមិ ឃុំ សង្កាត់ មានភារកិច្ចដូចជា សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ រៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ តាមភូមិសាស្ត្រដែលបានកំណត់៕ ដោយ៖ ជា សុខនី

ads banner