សត្វស្លាបទឹកដ៏កម្រជាច្រើនប្រភេទ ត្រូវបានគេកត់ត្រាពីវត្តមាន របស់ពួកវាកំពុងរកចំណីលើផ្ទៃបឹងទន្លេឆ្មារ

ភ្នំពេញ៖ ក្រុមការងារនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា ចាប់ពីដើម ខែ ឧសភា ឆ្នាំ២០២៣កន្លងមកនេះ គេបានធ្វើការចូលរួម អង្កេត តាមដានជីវចម្រុះនៅក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយ បានកត់ត្រាវត្តមានសត្វស្លាបទឹកកម្រជាច្រើនប្រភេទ ដែលកំពុង រកចំណី លើផ្ទៃបឹងទន្លេឆ្មារ។

ប្រភពពីអង្គការជីវិតធម្មជាតិនៅកម្ពុជានៅថ្ងៃទី ១២ ខែ ឧសភាឆ្នាំ ២០២៣ឱ្យដឹងថាបឹងទន្លេឆ្មារ ជាបឹងមួយដ៏ធំហុំព័ទ្ធជុំវិញដោយ ព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយជាប្រភពចំណីដល់សត្វស្លាបទឹក និងការប្រកបរបរ ចិញ្ចឹម ជីវិតប្រជានេសាទមូលដ្ឋានផងដែរ។ពិសេសក្នុងចន្លោះខែមីនា រហូត ដល់ខែមិថុនា ដែលជារយៈពេលទឹកបឹងទន្លេឆ្មារចាប់ផ្ដើម ស្រកខ្លាំង។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់បន្ថែមក្នុងរបាយការណ៍ចុះផ្សាយរបស់ខ្លួនថាសត្វស្លាបសំខាន់ៗដែលកត់ត្រាដោយក្រុមការងារយើងមានដូចជាខ្វែងសមុទ្រកន្ទុយខ្មៅ (Black-tailed godwit) ត្រយងខ្លួនរលោង (Glossy Ibis) ត្រយងខ្លួនស (Black-head Ibis) រនាលពណ៌ (Painted Stork) ចង្កៀលខ្យង (Asian Openbill) ទាកាបព្រៃ (Spot-billed Duck) ជើងទៀន (Black-winged Stilt)ជាដើម។ ដោយឡែកចង្កៀលខ្យងមានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។ក្រុមការងារក៏សង្កេតឃើញផងដែរថាចំនួនអ្នកនេសាទលៀសក្នុងបឹងនេះក៏មានការកើនឡើងផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២១មក អង្គការជីវិតធម្មជាតិនៅ កម្ពុជាបាននឹងកំពុងគាំទ្រដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ ការពារធម្មជាតិនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារក្នុងការល្បាតឃ្លាំមើលជាប្រចាំលើបទល្មើសធនធានធម្មជាតិ និងការអង្កេតតាមដាន ជីវចម្រុះ ផងដែរ ក្រោមថវិកាគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោងទន្លេសាបយើង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner