ការបោះឆ្នោតជាតិថៃចាប់ផ្ដើមដំណើរការ
ថៃ៖ការបោះឆ្នោតថ្នាក់ជាតិនៅថៃចាប់ផ្ដើមដំណើរការជាផ្លូវការនៅម៉ោង ៨ ព្រឹកថ្ងៃអាទិត្យនេះ។បើតាមការគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) ប្រជាជនថៃប្រមាណ ៥២ លាននាក់ មានសិទ្ធិក្នុងការបោះឆ្នោតដែលមានគណបក្សចំនួន ៦៧ ប្រកួតប្រជែងនាពេលនេះ ហើយមានពីរលាននាក់ហើយ ដែលបានបោះឆ្នោតរួច ក្នុងការបោះឆ្នោតមុនកំណត់កាលពីថ្ងៃអាទិត្យ ទី៧ ខែឧសភា សប្ដាហ៍មុន។
ការបោះឆ្នោតជាតិលើកនេះ នឹងត្រូវបញ្ចប់ទៅនៅម៉ោង ៥ ល្ងាច ហើយសន្លឹកឆ្នោតដែលមានក្នុងហិប នឹងត្រូវរាប់នៅការិយាល័យបោះឆ្នោតនីមួយៗ មុនពេលលទ្ធផលក្រៅផ្លូវការ ត្រូវបញ្ជូនទៅក្នុងទិន្នន័យរបស់ ECT ដែលគ្រោងនឹងប្រកាសលទ្ធផលពីគ្រប់មណ្ឌលបោះឆ្នោតត្រឹមម៉ោង ១១ យប់ ថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិនៅអាណត្តិនេះ នឹងត្រូវជ្រើសរើសសមាជិកសភានៃសភាតំណាងរាស្រ្ត ឬសភាជាន់ទាប សរុប ៥០០ នាក់ សម្រាប់អាណត្តិថ្មីដែលមានរយៈពេលបួនឆ្នាំ។ សមាជិកសភា ៤០០ នាក់ នឹងត្រូវជ្រើសរើសពីការបោះឆ្នោតតាមមណ្ឌល ខណៈ ១០០ នាក់ទៀត នឹងត្រូវជ្រើសរើសចេញពីបញ្ជីគណបក្សជាតិ ដោយផ្អែកលើសម្លេងសរុបដែលគណបក្សនីមួយៗទទួលបាន។
នៅពេលអាសនៈទាំង ៥០០ ក្នុងសភាត្រូវបានជ្រើសរើស ការក្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្រ្តីនឹងចាប់ផ្ដើម។ បើតាម ECT បេក្ខជនប្រកួតប្រជែងចំនួន ៦២ នាក់ មកពីគណបក្សចំនួន ៤៣ កំពុងឈរឈ្មោះសម្រាប់តំណែងកំពូលរបស់ប្រទេសមួយនេះ។
យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលរបបសឹកបានកែប្រែ គណបក្សនយោបាយនីមួយៗអាចដាក់បេក្ខជនបានរហូតដល់៣នាក់សម្រាប់តំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែមានតែគណបក្សដែលមានសមាជិកសភាជាប់ឆ្នោតយ៉ាងតិច ២៥ នាក់ប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន។ បន្ទាប់មក បេក្ខជននីមួយៗត្រូវតែទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងតិច ៥០ នាក់ មុនឈានទៅដល់ការជ្រើសរើសនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅដោយមានការចូលរួមទាំងពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ដែលមានសមាជិក ២៥០ រូប។

ក្រោយមកទៀត អ្នកដែលអាចឈ្នះតំណែងជានាយករដ្ឋមន្រ្តីបាន ត្រូវតែទទួលបានការគាំទ្រជាងពាក់កណ្ដាលនៃសម្លេងសភាទាំងអស់ ដែលនេះមានន័យថា បេក្ខជននាយករដ្ឋមន្រ្តីត្រូវតែទទួលបានសម្លេងយ៉ាងតិច ៣៧៦។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា សមាជិកព្រឹទ្ធសភាថៃសុទ្ធតែត្រូវបានក្រុមយោធាតែងតាំង។
បច្ចុប្បន្ន សន្ទុះនៃការគាំទ្រគណបក្សប្រឆាំងថៃរួមមានគណបក្សភឿថៃ ដឹកនាំដោយលោកស្រី ផែតងតាន ស៊ីណាវ៉ាត់ និងគណបក្ស Move Forward ដឹកនាំដោយលោក ភីតា លីមចារ៉នរ៉ាត (Pita Limjaroenrat) សុទ្ធតែនាំមុខគណបក្សថ្មី ថៃរួបរួមជាតិ របស់លោក ប្រាយុទ្ធ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏គួររំឭកថា កាលពីបោះឆ្នោតឆ្នាំ ២០១៩ គណបក្សភឿថៃ បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងសភាជាន់ទាបដោយមានសមាជិកសភាជាប់ឆ្នោតរហូតដល់ ១៣៦ រូប ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលគ្រប់គ្រងប្រទេសបានទេ ដោយសារតែខ្វះការគាំទ្រនៅក្នុងសភា។
នាពេលនោះ គណបក្ស Palang Pracharat ដែលមានទំនាក់ទំនងជាមួយក្រុមយោធា និងជាគណបក្សចាស់របស់លោក ប្រាយុទ្ធ បានទទួលអាសនៈត្រឹមតែ ១១៥ ប៉ុណ្ណោះពីការបោះឆ្នោតជាតិ។ ទន្ទឹមនេះគណបក្សបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ហើយទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា ដែលអាចឱ្យលោក ប្រាយុទ្ធ កាន់អំណាចរហូតមកទល់ពេលនេះ៕
ប្រែសម្រួល៖ហួន ឌីណា