ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប គាំទ្រផែនការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិន ដោយមើលពីកំហុសដែលប្លុកធ្លាប់ពឹងផ្អែកលើរុស្ស៊ីក្នុងវិស័យថាមពល
អឺរ៉ុប៖ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែឧសភា បានគាំទ្រដល់ការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ប្លុកលើប្រទេសចិន ហើយឥឡូវនេះប្លុកកំពុងរកវិធីសាស្រ្តដើម្បីឱ្យសម្រេចបានផែនការនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Borrell បាននិយាយប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីនៅទីក្រុងស្ដុកខុលម៍ ថា រដ្ឋមន្ត្រីការបរទេសបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់ផែនការកែសម្រួលគោលនយោបាយលើចិន ដើម្បីដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំងលើតួនាទីរបស់ប្រទេសនេះជាគូប្រជែងនយោបាយ ខណៈបន្តការមើលឃើញថាទីក្រុងប៉េកាំងជាដៃគូទាំងលើការដោះស្រាយបញ្ហាប្រឈមពិភពលោក និងការប្រកួតប្រជែងសេដ្ឋកិច្ច។
លោក Borrell បានថ្លែងយ៉ាងដូច្នេះថា ៖ «នៅពេលការពឹងផ្អែកធំពេក វាជាហានិភ័យ»។ លោកបន្តថា EU ត្រូវតែរៀនពី «កំហុសជាយុទ្ធសាស្ត្រ» ដោយសារតែការពឹងផ្អែកជ្រុលលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី មុនប្រទេសនេះឈ្លានពានអ៊ុយក្រែន។
ប្រធានគោលនយោបាយប្លុកដដែល និយាយទៀតថា សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ពឹងផ្អែកទៅលើប្រទេសចិនលើបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងលើសម្ភារៈសំខាន់ៗផ្សេងទៀត កាន់តែខ្លាំងឡើងៗជាងពេលប្លុកពឹកផ្អែកលើថាមពលរបស់រុស្ស៊ីទៅទៀត។
លោកបន្តថា ៖ «ការកាត់បន្ថយហានិភ័យ គឺគ្រាន់តែជាពាក្យមួយប៉ុណ្ណោះ។ ប៉ុន្តែនៅពីក្រោយពាក្យនេះ មានការងារជាច្រើនដែលនឹងត្រូវការពេលវេលា ដើម្បីពិនិត្យមើលឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ជាមួយប្រទេសចិន»។
ត្រង់ចំណុចនេះ លោក Borrell បានសង្កត់ធ្ងន់ថា គោលបំណងរបស់ EU មិនមែនដើម្បីផ្តាច់សេដ្ឋកិច្ចអឺរ៉ុប និងចិននោះទេ ប៉ុន្តែដើម្បីរក្សាតុល្យភាពទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានព្រមានថា ទោះបីជាប្លុកមិនចង់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីប្រទេសចិនក៏ដោយ ក៏ចាំបាច់ត្រូវរៀបចំសម្រាប់សេណារីយ៉ូបែបនេះដែរ។ លោកថ្លែងបែបនេះ ដោយលើកឡើងពីបញ្ហាជាពិសេសលើភាពតានតឹងនៅកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាដែនដីរបស់ខ្លួន ហើយនឹងវាយយកដោយកម្លាំងប្រសិនបើចាំបាច់។
បើតាមលោក Borrell ឥឡូវនេះក្រុមមន្ត្រីនឹងធ្វើការកែសម្រួលសំណើផែនការឡើងវិញ ដើម្បីយកទៅបង្ហាញដល់មេដឹកនាំសហភាពអឺរ៉ុប ដែលគេរំពឹងថានឹងពិភាក្សាជាមួយប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលនៅខែមិថុនា។
គួរបញ្ជាក់ថា ផែនការនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុត ដើម្បីរក្សាវិធីសាស្រ្តពិសេសរបស់សហភាពអឺរ៉ុបចំពោះទីក្រុងប៉េកាំង និងរក្សាភាពជាដៃគូជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាគូប្រជែងកំពូលរបស់ចិន៕
ប្រែសម្រួល៖ហួន ឌីណា