ក្រសួងប្រៃសណីយ៍ បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពឌីជីថលជូនមន្រ្តីនៅតាមបណ្តាខេត្ត
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធនៅតាមបណ្តាខេត្ត ក្នុងគោលដៅអភិវឌ្ឍន៍លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល ក៏ដូចជាចែករំលែកចំណេះដឹងនិងបទពិសោធថ្មីៗពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។
កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារ(ជំហានទី២) សម្រាប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍( ប.ទ.) ទាំង ២៤ខេត្ត បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ៤ទីតាំងផ្សេងៗគ្នា។

យោងតាមក្រសួងបានឱ្យដឹងថា ការបណ្តុះបណ្តាលនេះ បានចាប់ផ្តើមនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា។

ក្នុងកម្មវិធីបណ្តុះបណ្តាលដែលធ្វើឡើងនៅខេត្តប៉ៃលិនចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា មានការចូលរួមពីឯកឧត្តម ខាយ ឃុនហេង និងលោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ និងសិក្ខាកាមចំនួន ៨៤ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤ ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិដែលបានចំណាយពេលដ៏មានតម្លៃក្នុងការមកចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។ លោកក៏បានលើកទឹកចិត្តសូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត។

បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖សុខ រក្សា