សិប្បកម្មមួយកែច្នៃដំណាំចម្រុះក្បែរផ្ទះទៅជាម្សៅសុខភាព កំពុងមានតម្រូវការខ្ពស់

បាត់ដំបង៖ដំណាំចម្រុះ​ទូទៅ ដូចជា ចេក រំដេង ខ្ញី ឬពន្លៃ តែងត្រូវបានប្រជាជនខ្មែរនិយមដាំដុះក្បែរ​ផ្ទះ ឬនៅចម្ការរបស់ខ្លួន ទៅតាម​ទំហំដី និងតម្រូវនៃការប្រើប្រាស់។ ការដាំដុះដំណាំចម្រុះ គឺជាទម្លាប់ តែវាក៏អាចកាត់ប​ន្ថយការចំណាយ និងកាត់បន្ថយការប្រើប្រាស់បន្លែដែលនាំចូលពីបរទេស ហើយគេក៏អាចយ​​កម​ក​ប្រើប្រា​ស់​ដើម្បីជួយសុខភាពផងដែរ។

ជាក់ស្តែង សិប្បកម្មមួយនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានកែច្នៃដំណាំចម្រុះ ទៅ​ជាម្សៅ ជំនួយដល់សុខភាព កំពុងមានតម្រូវការខ្ពស់ និងជួយលើកកម្ពស់ជីវភាពប្រជាកសិករក្នុងសហគមណ៍របស់ខ្លួនបានទៀតផង។

លោកស្រី សេង សំណាង នាយកប្រតិបត្តិសិប្បកម្មអឹមអិលអេក បានឱ្យដឹងថាអាជីវកម្មរបស់លោកស្រី​ត្រូវបានបង្កើតឡើងនាដើមខែកុម្ភៈឆ្នាំ២០២១ ជាពេលដែលលោកស្រីមានបញ្ហាសុខភាព ក្រពះ និងពោះវៀនដែលប្រើប្រាស់ថ្នាំពេទ្យមិនទទួលបានលទ្ធផល។

លោកស្រីបន្តឱ្យដឹងថា ៖ «ក្រោយមកខ្ញុំបានញុំាជាមួយនឹងម្សៅចេក ហើយទទួលបានប្រសិទ្ធភាព​ខ្ព​ស់ ជួយបំបាត់ការចុកសៀតណែនក្នុងពោះ។ បញ្ហាក្រពះក៏បានធូរស្រាល ទើបយើងធ្វើការផលិត តែផលិតជា
លក្ខណៈគ្រួសារ ដើម្បីលក់តាម អនឡាញ(Online) ធម្មតាៗ»។

តែដោយសារតែសង្កេតឃើញស្ថានភាពក្នុងស្រុកថាមនុស្សភាគច្រើនប្រឈមនឹងបញ្ហាក្រពះ ពោះវៀនច្រើន លោកស្រី សេង សំណាង ថា លោកស្រី​ព្យាយាមផលិតដើម្បីជួយពួកគាត់ឱ្យទទួលបាននូវសុខភាពល្អ ដោយប្រើប្រាស់អាហារបែបសុខភាពដែលផលិតចេញពីធម្មជាតិ ជំនួសថ្នាំពេទ្យ។

ជាមួយគ្នានេះ បើតាមលោកស្រី​អាជីវកម្មមានទស្សនៈវិស័យ លើកកម្ពស់ស្រ្តី ឬយុវវ័យ ឱ្យមានគំ​និ​តចេះកែច្នៃ និងរួមចំណែកដល់សុខមាលភាពសង្គមតាមរយៈ ការផ្តល់អាហារូបត្ថម្ភ តាមបែបធម្មជាតិ ជូ​នដល់អតិថិជនប្រកបដោយគុណភាព និងអនាម័យខ្ពស់ ក៏ដូចជាជួយជំរុញឱ្យប្រជាជនខ្មែរគាំទ្រ ផលិត​ផ​លក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។

ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា ៖ «សិប្បកម្មយើងខ្ញុំទទួលការផ្គត់ផ្គង់វត្ថុធាតុដើមពីក្រុមកសិករក្នុងស្រុក ពោលគឺតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសង្កែ និងស្រុកសំឡូតផ្ទាល់តែម្ដង ហើយការកែច្នៃផលិតផលក្នុ​ងស្រុកនេះ អាចរាប់បានថាជាផ្នែកមួយជួយលើកកម្ពស់បងប្អូនកសិករក្នុងតំបន់ ក៏ដូចជាផ្ដល់ការងារដល់ស្ត្រីក្នុងសហគមន៍ ខណៈក្នុងសិប្បកម្មយើងមានសមាជិក ៨០ភាគរយជាស្ត្រី»។

ដោយឡែក សម្រាប់ទីផ្សារផលិតផលសិប្បកម្មរបស់ខ្លួន ម្ចាស់អាជីវកម្មស្ត្រីរូបនេះបានឱ្យដឹងថាកំពុងមានការចាប់អារម្មណ៍ ឬសន្ទុះគាំទ្រច្រើនជាងមុន ដោយសារខ្លួនព្យាយាមពង្រីកការផ្សព្វផ្សាយឱ្យបានទូលាយជាងមុន។

មកទល់បច្ចុប្បន្ន លោកស្រី សំណាង បានឱ្យដឹងថា សិប្បកម្មរបស់ខ្លួនបានបន្តកែច្នែផលិតផលជាបន្តបន្ទាប់រហូតមានផលិតផលជាច្រើនមុខដូចជា ម្សៅចេកសុខភាព ម្សៅរមៀតសុខភាព ម្សៅខ្ញីសុខភាព ម្សៅពន្លៃ ម្សៅរំដេង ម្សៅខ្ជាយ តែខ្ញីទឹកឃ្មុំ ហើយក៏មានផលិតផលថ្មីៗដូចជា ប្រេងល្ងខ្មៅ ម្សៅចេកសម្រាប់ទារក និងក្រមួនលាបរឹតជាដើម។

ដ្បិតថាជាផលិតផលដែលកែច្នៃពីធម្មជាតិ តែការផលិតក៏មានដំណាក់កាលច្រើន និងប្រកបដោយភាពសម្អិតសម្អាតផងដែរ។ ក្នុងចំណោមផលិតផលខាងលើ លោកស្រី សំណាង បានរៀបរាប់ត្រួសៗឱ្យដឹងពីដំណាក់កាលនៃការផលិតម្សៅចេកមួយ មានដំណាក់កាលដល់ទៅប្រាំបួន ពោលគឺចាប់តាំងពីការបកសម្បក លាងសម្អាត កិន និងរ៉ែងម្សៅចេក ដើម្បីឱ្យសាច់នៃម្សៅម៉ត់មានភាពស្មើរសាច់បានល្អជាដើម រហូតដល់ការវេចខ្ចប់។

ទាក់ទិនទៅនឹងតម្លៃ និងបរិមាណនៃការលក់ចេញរបស់ខ្លួន លោកស្រី សេង សំណាង បានរៀបរាប់ដោយឥតលាក់លៀមថា សិប្បកម្មរបស់ខ្លួនអាចលក់បានចំនួនរយកំប៉ុងក្នុងមួយខែ។

លោកស្រី បញ្ជាក់ថា៖ «សម្រាប់តម្លៃ ដូចជាម្សៅចេក គឺមានតម្លៃពីរ ខុសគ្នា។ ម្សៅចេក៣០០ក្រាមមានត​ម្លៃ ៨ដុល្លារអាមេរិក។ ឯចំនួន ៥០០ក្រាមមានតម្លៃ ១៥ដុល្លារ ហើយ​បើគិតជាខែគឺខ្ញុំអាចលក់បាន៤៥០​កំប៉ុងក្នុងមួយខែ»។

ទោះបីបច្ចុប្បន្នទទួលបានភាពជោគជ័យគួរសម តែម្ចាស់អាជីកម្មរូបនេះនៅតែមានបំណងពង្រីកអាជីវកម្មតទៅមុខទៀត។លោកស្រីក៏បាននាំយកអាជីវកម្មរបស់ខ្លួនចូលរួម ពិធីតាំងលក់នៅឯកីឡដ្ឋានមរតតេជោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ និងព្រមទាំងមានក្តីសង្ឃឹមថា មានទទួលស្គាល់បន្ថែមពីសំណាក់មហាជន ឬអតិថិជនថ្មី។

គួរជម្រាបដែរថា តាមរយៈ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា ភូមិ​មួយ​ផលិតផល​មួយ ក្នុងនោះ​ផលិតផល​ខ្មែរចំនួន ៤៥ មុខ ត្រូវបានដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី៣២ នៅ ​ពហុកីឡដ្ឋាន​មរតក​តេជោ ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៣។

​លោក សួង ណ​យ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរុញ​ចលនា ភូមិ​មួយ​ផលិតផល​មួយ បាន​ឱ្យ​ដឹង​ថា សហគ្រាស​នីមួយៗ​នឹង​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​យ៉ាងតិចបីផលិតផល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ។​

​លោក​បន្ថែមថា គណៈកម្មការ​កំពុងតែ​ខិតខំ​ធ្វើយ៉ាងណា លើកមុខ​មាត់​កម្ពុ​ជាតា​មរយៈ ផលិតផល​ក្នុងស្រុក ដែល​សុទ្ធសឹង​តែ​កើតចេញ​ពី​វត្ថុធាតុដើម​ក្នុងស្រុក និង​ដែលមាន​ស្តង់ដារ​គ្រប់គ្រាន់ ស័ក្ដិសម​នឹង​មានការ​ទទួលស្គាល់​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ៕

ដោយ៖ស្រ៊ុន សិរី វឌ្ឍនៈ

ads banner