លោក ហ្សេលេនស្គី ធ្វើដំណើរទៅដល់បារាំងហើយ ក្រោយទទួលយករង្វាន់ពីការប្រយុទ្ធរបស់អ៊ុយក្រែន ដើម្បីឧត្តមគតិអឺរ៉ុប
ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស នៅថ្ងៃទី១៤ ខែឧសភា សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីទទួលយករង្វាន់សម្រាប់ការប្រយុទ្ធរបស់ប្រទេសលោកសម្រាប់ “ឧត្តមគតិអឺរ៉ុប” ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ នៅពេលគាត់មកដល់មូលដ្ឋានទ័ពអាកាស Villacoublay ភាគនិរតីនៃទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអាទិត្យថា ជាមួយនឹងដំណើរទស្សនកិច្ចនីមួយៗ សមត្ថភាពការពារជាតិ និងការវាយលុករបស់អ៊ុយក្រែនកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់។
លោកថា ទំនាក់ទំនងជាមួយអឺរ៉ុបកាន់តែរឹងមាំ ហើយសម្ពាធលើរុស្ស៊ីក៏កំពុងកើនឡើងផងដែរ។ បន្ទាប់មក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្វាគមន៍លោក ហ្សេលេនស្គី នៅឯវិមានអេលីហ្សេជាលើកទីពីរ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។

លោក ហ្សេលេនស្គី បានបង្ហោះសារជាវីដេអូនៅលើបណ្តាញសង្គមតេលេក្រាមថា ជារៀងរាល់ថ្ងៃ ពួកយើងកំពុងនាំមកនូវសន្តិភាពកាន់តែជិត សម្រាប់ប្រជាជនអ៊ុយក្រែន និងអឺរ៉ុបទាំងមូល។
រីឯការិយាល័យមេដឹកនាំបារាំងបាននិយាយថា លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី នឹងពិភាក្សាអំពីការគាំទ្ររបស់បារាំង ក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកយោធា និងមនុស្សធម៌ជាបន្ទាន់របស់អ៊ុយក្រែន ក្នុងអំឡុងពេលអាហារពេលល្ងាចនៅឯវិមានប្រធានាធិបតីបារាំង។
បន្ថែមលើនេះ លោក ម៉ាក្រុង ក៏នឹងបញ្ជាក់សារជាថ្មីនូវការគាំទ្រឥតងាករេរបស់បារាំង និងអឺរ៉ុបសម្រាប់ការស្ដារឡើងវិញ នូវសិទ្ធិស្របច្បាប់របស់អ៊ុយក្រែន និងការការពារផលប្រយោជន៍ជាមូលដ្ឋានរបស់អ៊ុយក្រែន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា