ព្យុះស៊ីក្លូន ម៉ូកា វាយប្រហារប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស

ណៃពិដោ៖ ព្យុះស៊ីក្លូន ម៉ូកា បានបោកបក់កាត់ប្រទេសមីយ៉ាន់ម៉ា និងភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស នៅថ្ងៃទី១៤ ខែឧសភា ដោយបានធ្វើឱ្យជំរុំជនភៀសខ្លួនកើនឡើងជាបន្តបន្ទាប់ ហើយបានបង្កជាព្យុះដ៏កំណាចវាយប្រហារភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ជាទីដែលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។

ព្យុះស៊ីក្លូន ម៉ូកា បានធ្វើឱ្យមានការបាក់ដីនៅចន្លោះទីក្រុងខូសបាហ្សារ របស់បង់ក្លាដែស និងទីក្រុងស៊ីត្វី របស់មីយ៉ាន់ម៉ា ជាមួយកម្លាំងខ្យល់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានគេចាត់ទុកថា ជាព្យុះដ៏ធំបំផុតដែលបានវាយប្រហារឈូងសមុទ្របង់ហ្កាល់ក្នុងរយៈពេលជាងមួយទសវត្សរ៍។

ស្នងការទទួលបន្ទុកជនភៀសខ្លួន លោក Mizanur Rahman បានប្រាប់សារព័ត៌មាន AFP ថា ជម្រកបណ្តោះអាសន្នប្រមាណ ៤០០ ទៅ ៥០០កន្លែងត្រូវរងការខូចខាត នៅក្នុងជំរុំស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិតមួយលាននាក់នៅក្នុងទីក្រុងខូសបាហ្សារ របស់ប្រទេសបង់ក្លាដែស ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីជនរងគ្រោះនោះទេ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Kamrul Hasan បាននិយាយថា ព្យុះស៊ីក្លូននេះមិនបានបង្កការខូចខាតធំដុំនៅក្នុងប្រទេសបង់ក្លាដែសនោះទេ និងថា អាជ្ញាធរបានជម្លៀសមនុស្សប្រមាណ៧៥០,០០០នាក់ មុនពេលព្យុះស៊ីក្លូនមកដល់។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា បណ្តាញទំទាក់ទំទងជាមួយទីក្រុងកំពង់ផែស៊ីត្វី ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានកាត់ផ្តាច់ បន្ទាប់ពីខ្យល់ព្យុះនេះមកដល់។

ចំណែកផ្លូវនៅក្នុងទីក្រុងដែលមានមនុស្សប្រហែល១៥០,០០០នាក់ ត្រូវបានប្រែក្លាយទៅជាទឹកទន្លេ នៅពេលដែលខ្យល់ព្យុះបានបោកបក់លើច្រាំង ធ្វើឱ្យដំបូលអគារបាក់រលំ និងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីដួលរលំ។
ស្របពេលជាមួយគ្នានេះដែរ ការិយាល័យឧតុនិយមរបស់ប្រទេសឥណ្ឌាបាននិយាយថា ព្យុះស៊ីក្លូន ម៉ូកា នឹងចុះខ្សោយឥទ្ធិពលវិញ នៅពេលដែលវាបានវាយប្រហារលើភ្នំជាច្រើនរបស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner