ពលករខ្មែរនៅប្រទេសថៃ ជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន និងបន្តចូលជាសមាជិកបក្សប្រជាជនរាប់ពាន់នាក់ថែមទៀត

អត្ថបទដោយ៖
ហេង វណ្ណា

(បាងកក)៖ គណបក្សប្រជាជនកម្ពុជាទទួលបានសមាជិករាប់ពាន់នាក់បន្ថែមទៀតហើយ ដែលជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងនៅប្រទេសថៃ ពួកគាត់កាន់តែជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ភាពសុខដុមសម្រាប់ប្រជាជន ។

តំណាងសមាជិកបក្ស បានបង្ហាញការពេញចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរពេញដោយសមត្ថភាព គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារមួយនាទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំប្រទេសថៃទាំងមូល តំណាងសមាជិកនៅតាមសាខាបក្សខេត្ត អនុសាខាបក្សស្រុកមួយចំនួននៃប្រទេសថៃចំនួន ២២៥នាក់ ដែលតំណាងឱ្យសមាជិកបក្សក្នុងមូលដ្ឋានរៀងៗខ្លួនរាប់ពាន់នាក់ទៀត។

លោក ឈុំ ឧត្តម បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក មិននៅខាងសន្តិភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹកនាំប្រទេសឡើយ។ ដោយអស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក សន ចំរើន សមាជិកបក្សនៅខេត្តឆៈឈើងសៅ ដែរនោះ បានប្ដេជ្ញាចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនគណបក្ស និងអំពាវនាវឱ្យមានការគាំទ្រគណបក្ស កសាងកម្លាំងគណបក្សនៅប្រទេសថៃបន្តទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេដែលជាក្ដីសង្ឃឹម ផ្ដល់ការជឿជាក់សម្រាប់ប្រជាជនបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

ឯកឧត្តម ហ៊ុន សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចាត់ទុកការបន្តចូលជាសមាជិកគណបក្សរបស់ពលករកម្ពុជានៅក្រៅប្រទេសនេះ គឺជាការប្រមូលកម្លាំងប្រជាជាតិទាំងមូល ជាកម្លាំងដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត វឌ្ឍនភាព និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានផ្ដាំផ្ញើ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើសមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត សូមទៅចូលរួមបោះឆ្នោត តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារជូនបងប្អូនសាច់ញាតិនៅក្នុងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ៕

ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner