សម្ដេចតេជោ ហ៊ុន សែន៖ កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដោយបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន ថ្លែងកោតសរសើរដល់គ្រប់តួអង្គពាក់ព័ន្ធ ដោយបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចបញ្ជាក់ថា កម្ពុជាបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយជោគជ័យ។ សម្ដេច ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ ។
ជាមួយគ្នានេះ សម្ដេចតេជោ បានបង្ហាញមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែង យ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។

សម្ដេច បញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចដែលជៀសវាងមិនបាន ដូច្នេះប្រទេសទាំងអស់ ដែលជាសមាជិកអាស៊ាន គឺត្រូវតែចូលរួមដោយខកខានមិនបាន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ក្រោយបញ្ចប់ស៊ីហ្គេម មរតកនៃសមិទ្ធផលស៊ីហ្គេម ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោជាដើម នឹងនៅសល់រហូតបន្តកូនដល់ចៅប្រើប្រាស់ក្នុងវិស័យកីឡា។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ពោលគឺមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ដោយឡែកសម្រាប់តារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ៩ និង ១៨នាទីព្រឹក ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣ ក្រុមកីឡាកម្ពុជា ទទួលបានមេដាយសរុប ២៣០គ្រឿង ក្នុងនោះមេដាយមាសចំនួន៦៥គ្រឿង មេដាយ ប្រាក់៦១គ្រឿង និងសំរឹទ្ធ ១០៤គ្រឿង ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ