អង់គ្លេស៖ គណបក្សពលករកំពុងពិចារណាផ្ដល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋសហភាពអឺរ៉ុប
អង់គ្លេស៖ គណបក្សពលករកំពុងពិចារណាផ្ដល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋសហភាពអឺរ៉ុប
ឡុងដ៍៖គណបក្សពលករអង់គ្លេសកំពុងពិចារណាផ្ដល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋសហភាពអឺរ៉ុបមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអង់គ្លេស ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោតសកលនាពេលខាងមុខនេះ។
មួយរយៈចុងក្រោយនេះ គណបក្សនេះកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើសំណើមួយចំនួន ក្នុងនោះរួមមានការទទួលបានសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋសហភាពអឺរ៉ុប និងសិទ្ធិបោះឆ្នោតរបស់ក្មេងអាយុ ១៦ និង១៧ ឆ្នាំនៅក្នុងការបោះឆ្នោតសកល។
សូមរំឭកថា កាលពីឆ្នាំ២០២០ មេដឹកនាំគណបក្សពលករ លោក សៀគៀ ស្ថាម័រ (Sir Keir Starmer) ធ្លាប់បានអំពាវនាវរួចមកហើយ ក្នុងការអនុញ្ញាតឱ្យពលរដ្ឋសហភាពអឺរ៉ុបទាំងអស់ទទួលបានសិទ្ធិបោះឆ្នោតពេញលេញនៅក្នុងប្រទេសអង់គ្លេស។ យ៉ាងណាក៏ដោយ គណបក្សនេះបានលើកឡើងថា មិនទាន់មានការសម្រេចចេញជាគោលនយោបាយណាមួយនៅឡើយនោះទេ។
លោក ចូណាថាន់ រេណុលស៍ (Jonathan Reynolds) លេខាធិការផ្នែកអាជីវកម្មរបស់គណបក្សពលករបានប្រាប់សារព័ត៌មាន BBC News កាលពីថ្ងៃអាទិត្យថា ៖ «យើងចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់យើង។ យើងជឿថាប្រសិនបើប្រជាជននៃសហភាពអឺរ៉ុបបានរួមចំណែកដល់ប្រទេសនេះ និងប្រសិនបើពួកគេកំពុងរស់នៅទីនេះ វាគឺជាការល្អដែលអាចអនុញ្ញាឱ្យពួកគេចូលរួមក្នុងដំណើរការប្រជាធិបតេយ្យរបស់យើង»។
ដោយឡែក គណបក្សអភិរក្សនិយមរបស់អង់គ្លេសបានលើកឡើងថា «ផែនការរបស់គណបក្សពលករគឺជាមូលដ្ឋានគ្រឹះក្នុងការទាញប្រទេសអង់គ្លេសឱ្យត្រលប់ទៅរកសហភាពអឺរ៉ុបវិញ»។ ប្រធានគណបក្សអភិរក្សនិយម លោក ហ្គេគ ហែនដ៍ (Greg Hands) បានថ្លែងថា ៖ «សិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា និងការជ្រើសរើសរដ្ឋាភិបាលអង់គ្លេសនៅពេលខាងមុខ ត្រូវតែផ្ដល់សិទ្ធិជូនចំពោះពលរដ្ឋអង់គ្លេសតែប៉ុណ្ណោះ និងអ្នកដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រជិតស្និទ្ធបំផុតជាមួយប្រទេសរបស់យើង»។
បច្ចុប្បន្ននេះ ពលរដ្ឋសហភាពអឺរ៉ុបដែលមានទីលំនៅស្របច្បាប់ក្នុងប្រទេសអង់គ្លេសអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតសកលនោះទេ។ យោងតាមគណបក្សពលករបានឱ្យដឹងថា គណបក្សមួយនេះកំពុងគិតអំពីការធ្វើយ៉ាងណាឱ្យប្រជាជនដែលរស់នៅអង់គ្លេស អាចរួមចំណែកដល់សង្គមរបស់យើង និងអាចមានសំឡេងទៅលើរបៀបដែលប្រទេសអង់គ្លេសត្រូវបានគ្រប់គ្រង និងដឹកនាំ។
ប្រភពដដែលបានឱ្យដឹងថា លោក សៀគៀ ជឿជាក់ថាវាគឺរឿងដែលយុត្តិធម៌ និងត្រឹមត្រូវបំផុតក្នុងការដែលអាចផ្តល់សំឡេងដល់ពលរដ្ឋសហគមន៍អឺរ៉ុបក្នុងការបោះឆ្នោតបាន។
យ៉ាងណាមិញ សំណើនេះមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ បច្ចុប្បន្ននេះ មានពលរដ្ឋសហភាពអឺរ៉ុបប្រមាណជា ៣,៤ លាននាក់ដែលបានមកតាំងទីលំនៅក្នុងប្រទេសអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប និងប្រមាណជា ២,៧ លាននាក់ទៀតដែលបានតាំងទីលំនៅមុនការចាកចេញពីសមាជិកភាពអឺរ៉ុប។
ជាថ្មីម្ដងទៀត ក្រុមអភិរក្សនិយមបានធ្វើការបដិសេធទាំងស្រុងទៅលើសំណើសុំឱ្យផ្ដល់សិទ្ធិបោះឆ្នោតដល់ពលរដ្ឋសហភាពអឺរ៉ុប ដោយបានហៅថា វាគឺជាការប៉ុនប៉ងរៀបចំឱ្យអ្នកបោះឆ្នោតចូលរួមជាសមាជិកភាពរបស់សហភាពអឺរ៉ុបឡើងវិញ។
សូមរំឭកថា នៅឆ្នាំ២០២០ នៅពេលដែលលោក សៀគៀ កំពុងឈរឈ្មោះជាប្រធានគណបក្សពលករ លោកបានតស៊ូមតិ ទាមទារឱ្យមានការផ្ដល់សិទ្ធិបោះឆ្នោតពេញលេញដល់ពលរដ្ឋសហភាពអឺរ៉ុបទាំងអស់ ពោលគឺពលរដ្ឋទាំង ៣ លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសអង់គ្លេស។ លោក សៀគៀ បានបញ្ជាក់បន្ថែមថា ពលរដ្ឋសហភាពអឺរ៉ុបនៅចក្រភពអង់គ្លេសមិនត្រឹមតែត្រូវបានផ្ដល់សិទ្ធិឱ្យប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាត់ទុកថាជាអ្នកជិតខាង ជាមិត្តភក្តិ និងជាក្រុមគ្រួសារទៀតផង៕
ប្រែសម្រសួល៖ធា សុណា