ចិនកាត់ទោសពលរដ្ឋអាមេរិកម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពីបទចារកម្ម
ប៉េកាំង៖សេចក្តីថ្លែងការណ៍របស់តុលាការចិនបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៥ ខែឧសភាថា ប្រទេសចិនបានកាត់ទោសពលរដ្ឋអាមេរិក លោក John Shing-wan Leung វ័យ ៧៨ ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការកាត់ទោសធ្ងន់ធ្ងរបែបនេះ កម្រកើតមានណាស់លើពលរដ្ឋបរទេសរស់នៅក្នុងប្រទេសចិន ហើយការកាត់ទោសលោក Leung ដែលរស់នៅទីក្រុងហុងកុង បែបនេះ ទំនងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែធ្លាក់ចុះមួយកម្រិតទៀត។
តុលាការក្រុង Suzhou បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោក Leung ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចារកម្ម ហើយរងការកាត់ទោសឱ្យជាប់ពន្ធនាគារ និងការដកហូតសិទ្ធិនយោបាយអស់មួយជីវិត។
បើតាមតុលាការដដែលអាជ្ញាធរក្រុង Suzhou «បានចាត់វិធានការជាកំហិតយោងទៅតាមច្បាប់» ប្រឆាំងនឹងលោក Leung ក្នុងខែមេសាឆ្នាំ ២០២១ ដោយមិនបានបញ្ជាក់ពីពេលវេលាដែលពលរដ្ឋកាន់ទិដ្ឋការអាមេរិករូបនេះ ត្រូវបានគេចាប់ខ្លួននោះទេ។
បើតាម AFP គេក៏មិនបានដឹងច្បាស់ដែរថា លោក Leung រស់នៅឯណាពេលដែលលោកត្រូវបានចាប់ខ្លួន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បាននិយាយថា ពួកគេបានដឹងអំពីរបាយការណ៍ពីការកាត់ទោសលោក Leung ហើយបន្តថា «ក្រសួងការបរទេសអាមេរិក គ្មានអទិភាពអ្វីធំជាងអទិភាពលើសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិករស់នៅក្រៅប្រទេសនោះដែរ»។
អ្នកនាំពាក្យស្ថានទូតដដែល បានប្រាប់ AFP ថា៖ «ដោយសារតែការពិចារណាអំពីឯកជនភាព យើងមិនអាចអធិប្បាយបន្ថែមទៀតបាននោះទេ»។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់តុលាការក្រុង Suzhou ក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការចោទប្រកាន់នេះទេ ខណៈការកាត់ក្តីបិទទ្វារគឺជាទម្លាប់ទៅហើយនៅក្នុងប្រទេសចិន ចំពោះសំណុំរឿងរសើបបែបនេះ។ បើតាម AFP អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះ នៅក្នុងសន្និសីទសារព័ត៌មានធម្មតាកាលពីថ្ងៃចន្ទ។
គេមើលឃើញថា ការកាត់ទោសលោក Leung នាពេលនេះ បង្កើនភាពតានតឹងទំនាក់ទំនងអាមេរិក ចិន មួយកម្រិតទៀត ដែលតានតឹងរួចស្រេចហើយដោយសារតែបញ្ហាពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្ស និងកោះតៃវ៉ាន់៕
ប្រែសម្រួល៖ហួន ឌីណា