សេដ្ឋកិច្ចថៃរំពឹងថា នឹងកើនឡើង៣.៧ភាគរយក្នុងឆ្នាំនេះ ខណៈនៅត្រីមាសដំបូងមើលឃើញកំណើន២.៧ភាគរយ

បាងកក៖ សេដ្ឋកិច្ចថៃបានកើនឡើង២.៧ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើងជិតទ្វេដង បើធៀបនឹង១.៤ភាគរយកាលពីត្រីមាសមុន។

អគ្គលេខាធិការនៃទីភ្នាក់ងាររដ្ឋនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) លោក ដានូឆា ភីឆៃយ៉ាណាន នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចនៅតែមានស្ថិរភាពដោយគ្មានការធ្លាក់ចុះ នោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ នឹងមានកំណើន៣.៧ភាគរយសម្រាប់ឆ្នាំ២០២៣នេះ។

វិស័យជាច្រើនបានមើលឃើញពីការរីកលូតលាស់ជាបន្តបន្ទាប់ ក្នុងនោះការប្រើប្រាស់ផ្នែកឯកជនបានកើនឡើង៥.៤ភាគរយ បើធៀបនឹងត្រីមាសមុន ខណៈដែលការវិនិយោគសរុបកើនឡើង៣.១ភាគរយ ដែលជំរុញដោយការវិនិយោគក្នុងវិស័យសាធារណៈកើនឡើង៤.៧ភាគរយ។ ទោះបីជាយ៉ាងណា ការនាំចេញទំនិញបានធ្លាក់ចុះ៦.៤ភាគរយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំនេះ នៅចន្លោះពី២.៧ភាគរយ ទៅ ៣.៧ភាគរយ ដែលស្របតាមការព្យាករណ៍ពីមុន។ ទន្ទឹមគ្នា កំណើនសេដ្ឋកិច្ចពិភពលោកក៏ត្រូវបានកែសម្រួលមកនៅត្រឹម២.៧ភាគរយផងដែរ បើធៀបនឹង២.៦ភាគរយពីមុន។

លោក ដានូឆា បានបញ្ជាក់ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី១ឆ្នាំនេះ បានកើនឡើង២.៧ភាគរយ ហើយនៅពេលដែលបានកែតម្រូវតាមរដូវកាល តួលេខនេះគឺ១.៩ភាគរយ បើធៀបទៅនឹងត្រីមាសមុន១.១ភាគរយ។

ដូច្នេះហើយ ក្តីបារម្ភនៃវិបត្តិសេដ្ឋកិច្ចគឺមិនមានការធានាទេ ហើយទស្សនវិស័យនាពេលអនាគតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែមានភាពវិជ្ជមាន៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner