អូស្រ្តាលីត្រៀមបញ្ចេញថវិកាជាង ១៥៧លានដុល្លារ ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយធម្មជាតិ
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសពីការផ្តល់មូលនិធិថ្មីមួយ ដើម្បីបង្កើតបណ្តាញព្រមានពីគ្រោះទឹកជំនន់ថ្នាក់ជាតិ និងអាចទុកចិត្តបាន។
រដ្ឋមន្ត្រីបរិស្ថាន និងទឹកអូស្រ្តាលី លោក តាន់យ៉ា ផ្លីប៊ឺសេក និង រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នអូស្រ្តាលី លោក ម៊ូរ៉េ វ៉ាត់ បាននិយាយនៅថ្ងៃទី១៥ ខែឧសភាថា កញ្ចប់ថវិកា២៣៦លានដុល្លារអូស្ត្រាលី ឬប្រហែល១៥៧.២លានដុល្លារអាមេរិក នឹងត្រូវចំណាយក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធព្រមានពីគ្រោះទឹកជំនន់ថ្នាក់ជាតិ ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយធម្មជាតិ។
មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីរ៉ាប់រងការចំណាយផ្សេងៗ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការវ៉ាស់កម្រិតកម្ពស់ទឹកជំនន់ ក្នុងនោះរដ្ឋខ្វីនលែន ជារដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតរបស់ប្រទេសអូស្រ្តាលី នឹងត្រូវបានផ្តល់អាទិភាព។
រដ្ឋមន្ត្រីបរិស្ថាន និងទឹកអូស្រ្តាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្របពេលមានការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ រួមទាំងទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុននោះ ការព្រមានអំពីទឹកជំនន់ដែលអាចទុកចិត្តបាន នឹងជួយប្រជាជនអូស្ត្រាលីត្រៀមខ្លួនទុកជាមុន។
វានឹងធ្វើឱ្យមនុស្សមានសុវត្ថិភាពជាងមុន នៅពេលដែលគ្រោះមហន្តរាយកើតឡើង។
ការបង្កើតមូលនិធិនេះដែរ បានកើតមានឡើងបន្ទាប់ពីឆ្នេរសមុទ្រភាគខាងកើតជាច្រើនរបស់ប្រទេសអូស្ត្រាលី បានរងការវាយប្រហារដោយទឹកជំនន់ក្នុងឆ្នាំ២០២២។
ជាក់ស្តែង ផ្នែកខ្លះនៃរដ្ឋខ្វីនលែន និងញូវស៊ោវែល បានទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាក្នុងខែកុម្ភៈ និងខែមីនា ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតមួយសម្រាប់ប្រទេសអូស្រ្តាលី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា


