ទុយនីស៊ី និងអ៊ីតាលីសន្យាប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់

ទុយនីស៖ ប្រធានាធិបតីទុយនីស៊ី លោក ខៃស៍ សៃ នៅថ្ងៃទី១៥ ខែឧសភា បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី លោក ម៉ាត់តេអូ ភៀនតេដូស៊ី ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសទុយនីស៊ី ដែលផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយប្រធានាធិបតីទុយនីស៊ី។

ប្រធានាធិបតីទុយនីស៊ី លោក ខៃស៍ សៃ បាននិយាយថា ចំនួនជនរងគ្រោះនៃការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ កំពុងកើនឡើងជារៀងរាល់ថ្ងៃ និងថា មានបណ្តាញឧក្រិដ្ឋកម្មដែលទាញយកផលប្រយោជន៍ពីស្ថានភាពអមនុស្សធម៌ នៃអ្នកដែលជាប់គាំងដោយសារភាពក្រីក្រ និងភាពអស់សង្ឃឹមក្នុងជីវិត។

លោក សៃ បានរំលឹកឡើងវិញថា ដំណោះស្រាយសន្តិសុខតែមួយ មិនគ្រប់គ្រាន់ឡើយ ដើម្បីលុបបំបាត់គ្រោះមហន្តរាយនេះ ដោយលោកបានអំពាវនាវឱ្យមានវិធីសាស្រ្តរួមថ្មីមួយ ដែលផ្អែកលើការកាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរបស់ក្រុមជនអន្តោប្រវេសន៍។

បន្ថែមលើនេះ លោក សៃ បានស្នើថា កិច្ចប្រជុំអន្តរជាតិដែលរួមបញ្ចូលទាំងប្រទេសពាក់ព័ន្ធទាំងនោះ ត្រូវតែធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ដោយឡែកកាលពីព្រឹកថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី លោក ម៉ាត់តេអូ ភៀនតេដូស៊ី ក៏បានជួបជាមួយសមភាគីទុយនីស៊ី លោក ខាម៉ែល ហ្វីគី ផងដែរ នៅឯទីស្នាក់ការក្រសួងមហាផ្ទៃទុយនីស៊ីក្នុងរដ្ឋធានីទុយនីស។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃទុយនីស៊ី លោក ភៀនតេដូស៊ី បានសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរទុយនីស៊ី ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ បន្ថែមលើនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីតាលី ក្នុងការចែករំលែកការទទួលខុសត្រូវ និងកម្មវិធីរួមបញ្ចូលគ្នាក្នុងវិស័យបណ្តុះបណ្តាល ដើម្បីធ្វើឱ្យបណ្តាញការធ្វើចំណាកស្រុកស្របច្បាប់។

គួរបញ្ជាក់ថា ដោយមានទីតាំងនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ប្រទេសទុយនីស៊ីគឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមបំផុតមួយ សម្រាប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់អឺរ៉ុប។ ទោះបីជាអាជ្ញាធរទុយនីស៊ីបានអនុម័តវិធានការយ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយបញ្ហាក៏ដោយ ក៏ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ពីទុយនីស៊ីទៅកាន់ប្រទេសអ៊ីតាលីនៅតែមានការកើនឡើងដដែល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner