លោក ម៉ាក្រុន និងលោក ម៉ាសក៍ ជួបពិភាក្សាគ្នានៅទីក្រុងប៉ារីស អំពីគម្រោងវិនិយោគ
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron)នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានជួបជាមួយមហាសេដ្ឋីលោក អេឡុន ម៉ាសក៍ (Elon Musk) ដើម្បីពិភាក្សាអំពីគម្រោងវិនិយោគនាពេលអនាគត។ កិច្ចពិភក្សារវាងភាគីទាំងពីរនេះ ធ្វើឡើងនៅក្នុងសន្និសីទមួយនៅប្រទេសបារាំង ក្នុងគោលបំណងបញ្ចុះបញ្ចូលអ្នកវិនិយោគទៅលើគម្រោងអាជីវកម្មធំៗ ឱ្យដាក់ទុនរកស៊ីនៅទេសបារាំង។
ការិយាល័យរបស់លោក ម៉ាក្រុន បានលើកឡើងថា លោក ម៉ាក្រុន បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍បុរសអ្នកមានដែលជាប់ចំណាត់ថ្នាក់ទីពីររបស់ពិភពលោក ពោលគឺលោក អេឡុន ម៉ាសក៍ ដែលលោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter និងក្រុមហ៊ុនរុករកអវកាស SpaceX។
នេះគឺជាការជួបគ្នាម្ដងទៀត បន្ទាប់ពីលោក ម៉ាក្រុន និងលោក ម៉ាសក៍ ធ្លាប់បានជួយគ្នាម្ដងរួចមកហើយកាលពី ៦ ខែមុននៅសហរដ្ឋអាមេរិក។
គួរដឹងដែរថា មេដឹកនាំប្រទេស និងមេដឹកនាំក្រុមហ៊ុនឯកជនទាំងពីរបានជួបប្រជុំគ្នានៅវិមាន អេលីស៊ី (Elysee) មុនពេលអ្នកទាំងពីរធ្វើដំណើរបន្តទៅកាន់ទីក្រុង វឺសាយេស (Versailles) ដើម្បីធ្វើសន្និសីទមួយដែលត្រូវបានជ្រើសរើសទីតាំងដោយភាគីបារាំងនិងដែលលោក ម៉ាក្រុន បានបង្ហាញពីឆន្ទៈប្រមូលផ្តុំការវិនិយោគនៅក្នុងប្រទេសបារាំងនៅតំបន់នោះ។
យោងតាមការិយាល័យរបស់លោក ម៉ាក្រុន បានប្រាប់ឱ្យដឹងថា បុរសទាំងពីរនឹងជជែកពិភាក្សាពីភាពទាក់ទាញរបស់ប្រទេសបារាំង ពិសេសនៅក្នុងវិស័យឧស្សាហកម្ម។ លោក ម៉ាសក៍ បានញញឹម និងគ្រវីក្បាលទៅកាន់អ្នកសារព័ត៌មាន ខណៈដែលកិច្ចប្រជុំកំពុងប្រព្រឹត្តទៅ ប៉ុន្តែលោកមិនបានផ្ដល់ការអត្ថាធិប្បាយអ្វីបន្ថែមនោះទេ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក ព្រូណូ ឡឺមៀ (Bruno Le Maire) បានប្រាប់ទូរទស្សន៍មួយឈ្មោះថា BFMTV ថា «ការចរចាកំពុងបន្តប្រព្រឹត្តទៅជាមួយមហាសេដ្ឋី លោក អេឡុន ម៉ាសក៍»។ ស្រដៀងគ្នានេះដែរ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទជាមួយលោក ម៉ាសក៍ នោះទេ ដោយលោកបាននិយាយយ៉ាងសាមញ្ញថា «រាល់ការវិនិយោគដែលអាចកើតមានឡើងនៅថ្ងៃនេះ គឺជាលទ្ធផលដែលទទួលបានបន្ទាប់ពីមានការចរចាអស់រយៈពេលជាច្រើនខែ ឬឆ្នាំឯណោះ»។
គួររំឭកថា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីខែធ្នូ លោក ម៉ាក្រុន បានជួបពិភាក្សាជាមួយលោក ម៉ាសក៍ ដោយមិនបានប្រកាសឱ្យសាធារណៈជនបានដឹងជាមុននោះទេ។ ក្រោយមក លោក ម៉ាក្រុន បានពណ៌នាអំពីការជជែកពិភាក្សារយៈពេលមួយម៉ោងពេញជាមួយលោក ម៉ាសក៍ ថាជាការពិភាក្សាមួយដែលមានភាពច្បាស់លាស់ និងស្មោះត្រង់ ដោយបានលើកឡើងអំពីប្រធានបទមួយចំនួនដូចជារថយន្តអគ្គិសនី និងអាគុយជាដើម។
បន្ថែមលើនេះ លោក ម៉ាក្រុន ក៏បាននិយាយទៅកាន់ លោក ម៉ាសក៍ ថា នៅអឺរ៉ុបកំពុងមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាមាតិកានៅលើបណ្ដាញសង្គម Twitter ចាប់តាំងពី លោក ម៉ាសក៍ បានទិញ និងគ្រប់គ្រងវេទិកាដ៏មានឥទ្ធិពលមួយនេះ។
ជាក់ស្ដែង លោក ម៉ាក្រុន បានសរសេរនៅលើបណ្ដាញសង្គម Twitter បន្ទាប់ពីកិច្ចប្រជុំនោះថា «គោលនយោបាយស្ដីអំពីអ្នកប្រើប្រាស់ប្រកបដោយតម្លាភាព ការរឹតបន្តឹងប្រភេទមាតិកា និងការការពារសេរីភាពនៃការបញ្ចេញមតិ គឺសុទ្ធតែជារឿងដែលត្រូវធ្វើឡើងដោយក្រុមហ៊ុន Twitter ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់អឺរ៉ុប»៕
ប្រែសម្រួល៖ធា សុណា ប្រភព៖ https://www.channelnewsasia.com/world/macron-musk-investment-projects-paris-3489676