អន្ទាក់សូន្យត្រូវបានទទួលស្គាល់ និងគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋចំពោះសត្វព្រៃ

ខេត្តកោះកុង ៖ ជាមោទកភាពក្នុងយុទ្ធនាការអន្ទាក់សូន្យ បានទទួលស្គាល់ពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងរាស្រ្តដែលពួកគាត់បានឃើញពី សារៈសំខាន់ នៃ ការរៀបចំអន្ទាក់សូន្យនេះ ហើយដែលយុទ្ធនាការនេះមានគោលបំណងសំខាន់ដើម្បី ផ្លាស់ប្តូរ ឥរិយាបទ ប្រជាពលរដ្ឋ ចំពោះសត្វព្រៃ ធនធានធម្មជាតិ ដែលក្នុងនេះសំដៅ កាត់បន្ថយ និង ការលុបបំបាត់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ។ នេះជាការថ្លែងបញ្ចាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖”យុទ្ធនាការអន្ទាក់សូន្យនេះក៏បានផ្តល់នូវសុវត្តិភាពទៅឱ្យសត្វព្រៃ និង មនុស្សរបស់យើងដែលគាត់ចូលទៅប្រមូលអនុផលព្រៃឈើ និងពួកគាត់ចូលទៅកម្សាន្តក្នុងនាមជាអ្នកទេសចរជាដើម”។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងយុទ្ធនាការអន្ទាក់សូន្យបើនិយាយពីក្របខណ្ឌនៃខេត្តគឺខេត្តទី៣និងជាលើកទី៤ក្នុងយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២។ការរៀបចំចំនួន២ខេត្ត កន្លងមកនេះមានការចូលរួមពីសាធារណៈជនក៏ដូចជាមានការចុះផ្សារតាមរយៈបណ្តាញសារព័ត៌មានជិត ២០០អត្ថបទមកហើយ។

ឯកឧត្តមបានមានប្រសាសន៍ថា “កិច្ចការងារនេះគឺជាកិច្ចការងារសំខាន់ដែលយើងបានខិតខំប្រឹងប្រែងធ្វើ ដែលរហូតមកដល់ពេលនេះ បើយើងរាប់ ខេត្ត កោះកុង បន្ថែមមួយទៀតគឺខេត្តទី៩ ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ និងវិស័យ ឯកជនបានសហការគ្នារៀបចំព្រឹតិ្កការណ៍នេះឡើង”។

ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងដែរថា៖ ការរៀបចំព្រឹត្តិការណ៍យុទ្ធនាការអន្ទាក់សូន្យនៅខេត្តកោះកុង នៅថ្ងៃទី១៦ខែឧសភានេះដែរ គឺចំនឹងថ្ងៃទិវាសត្វកម្រដែលងាយរងគ្រោះនៅលើពិភពលោក ។ ខេត្តកោះកុងជាផ្នែកមួយនៃជួរភ្នំក្រវាញ ដោយមានតំបន់ការពារធម្មជាតិធំ មានសត្វព្រៃច្រើនប្រភេទក្នុងនេះមានសត្វកម្រជាច្រើនដូចជា សត្វខ្ទីង សត្វដំរី និងសត្វផ្សេងទៀតដូចជាសត្វកែះ សត្វខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ត្រូវថតបានដោយម៉ាស៊ីនស្វ័យប្រវត្តិ ដែលបានបង្ហាញវត្តមានក្នុងជួរភ្នំក្រវាញនាកន្លងមក ។ ចំពោះខេត្តនេះក៏មានបញ្ហាប្រឈមនឹងការបរបាញ់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ ។

ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា ៖ កម្ពុជា គឺជាប្រទេសដែលគេទទួលស្គាល់ថា សម្បូរទៅដោយសត្វព្រៃ និងជីវចម្រុះ។ រហូតមកដល់ពេលនេះបើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ទាំងរុក្ខជាតិ ទាំងសត្វតូច សត្វធំ និងជីវចម្រុះផ្សេងៗមានប្រមាណជាង ៥ពាន់ប្រភេទ ហើយក្នុងនោះប្រភេទសត្វកម្រៗជាច្រើនដែលនៅលើពិភពលោកជិតផុតពូជក៏ប៉ុន្តែវាកំពុងមានវត្តមាននៅប្រទេសកម្ពុជារបស់យើងក្នុងនេះដូចជាសត្វត្រយ៉ងយក្ស សត្វខ្សិប សត្វក្រៀល និងក្រៅពីនេះដូចជាសត្វអណ្តើកហ្លួង សត្វក្រពើភ្នំ ជាដើម ៕ អត្ថបទ៖លោក ជិន ម៉ាដេប៉ូ, រូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner