ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបើកសិក្ខាសាលាស្ដីពី “ការកសាងសមត្ថភាព និងប្រមូលធាតុចូលសម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ”
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញបើកសិក្ខាសាលាស្ដីពី “ការកសាងសមត្ថភាព និងប្រមូលធាតុចូលសម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” ដោយមានការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានអប់រំ និងវិស័យឯកជន នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារហាយយ៉ាត់រីជេនស៊ី ។
សិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិនេះមានគោលបំណងសំខាន់ចំនួន៣ ៖ ១ – ដើម្បីឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធនានាក្នុងការពិភាក្សាជាផ្លូវការ និងផ្លាស់ប្តូរយោបល់អំពីការ បង្កើតក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិសម្រាប់កម្ពុជា ។ ២ – ដើម្បីពិនិត្យមើលឱកាស និងចន្លោះខ្វះខាតដែលបានរកឃើញនៅក្នុងផ្នែកសំខាន់ៗដែលបានស្នើឡើង ហើយទាំងអស់នេះកើតចេញពីការសន្ទនា និងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមករបស់អ្នកចូលរួមសិក្ខាសាលា រួមទាំងក្របខណ្ឌអភិបាលកិច្ចទិន្នន័យ UN DESA (យូអិន ដេសា) ដែលមានគ្រឹះចម្បងចំនួនបួន និងធាតុផ្សំចំនួនប្រាំមួយ។ ៣ – ដើម្បីកំណត់ជំហានបន្ទាប់សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តក្របខណ្ឌអភិបាលកិច្ច ទិន្នន័យជាតិ ។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ការកសាងសមត្ថភាពនិងការផ្លាស់ប្ដូរចំណេះដឹងរបស់មន្ត្រីជំនាញ ដែលមានទំនួលខុសត្រូវទៅលើដំណើរការប្រព័ន្ធផ្ទាល់នៅតាមបណ្តាក្រសួង ស្ថាប័ននានា គឺមានសារៈសំខាន់ណាស់ ដើម្បីធានាប្រសិទ្ធភាព និង និរន្តភាពនៃអភិបាលកិច្ចទិន្នន័យ ។ បច្ចុប្បន្នអភិបាលកិច្ចទិន្នន័យនៅកម្ពុជា ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូង ដែលរាជរដ្ឋាភិបាលបានដាក់ចេញ នូវថ្នាលនិងសេវាឌីជីថលមួយចំនួន ដែលបានបង្ហាញអំពីកម្មញ្ញភាពនិងសារៈសំខាន់នៃអភិបាលកិច្ចទិន្នន័យ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ការជំរុញអភិបាលកិច្ចទិន្នន័យប្រកបដោយប្រសិទ្ធិភាព ត្រូវពឹងផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនគណនេយ្យភាពនិងតម្លាភាព ដើម្បីជំរុញឱ្យមានទំនុកចិត្តលើបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវតែធានាថាច្បាប់ដែលទាក់ទងនឹងទិន្នន័យដែលត្រូវបានដាក់អនុម័ត នឹងមិនរារាំងដល់សិទ្ធិក្នុងការប្រើប្រាស់ឌីជីថល នឹងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនោះទេ បើមិនដូច្នោះទេ ការជឿទុកចិត្តនិងទំនុកចិត្តមកលើរដ្ឋាភិបាលនឹងមានភាពថយចុះ។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា វិស័យឌីជីថលគឺជាប្រភពនៃកំណើនថ្មីដើម្បីជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែងកម្ពុជា នៅក្នុងតំបន់និងពិភពលោក ។ វិស័យនេះនឹងបង្កើនល្បឿនប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយចក្ខុវិស័យ “ការកសាងសេដ្ឋកិច្ចនិងសង្គមដ៏ធំដែលរស់រវើក តាមរយៈការរៀបចំមូលដ្ឋាន គ្រឹះជំរុញការទទួលយកបរិត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បី ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ។ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ បានដាក់ចេញយុទ្ធសាស្ត្រ និង សកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាពក្នុងការរៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ព្រមទាំងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល អត្តសញ្ញាណឌីជីថល និងសន្តិសុខឌីជីថល ។ គោលនយោបាយអភិបាលកិច្ចទិន្នន័យនឹងដាក់ចេញនូវគោលការណ៍ និងស្តង់ដានៃនិម្មាបនកម្មទិន្នន័យ យន្តការ និងក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រែប្រែ ការធ្វើមូលដ្ឋាននីយកម្ម ការបែងចែក ការចែករំលែក និងការការពារទិន្នន័យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿជាក់ថា សិក្ខាសាលាស្តីពីការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិនាពេលនេះ នឹងនាំឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា ការយល់ដឹងដ៏មានតម្លៃ និងអនុសាសន៍ដែលអាចអនុវត្តបាន ដែលនឹងជួយដល់ការរៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិនៅកម្ពុជា និងការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធ ហើយធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយក្នុងការធានាថា ទិន្នន័យត្រូវបានគ្រប់គ្រង និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពជាម្ចាស់ នៅក្នុងប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ