លោក ព្រាប កុល ៖ ខ្ញុំសម្រេចចិត្តចូលរួមបម្រើជាតិតាមរយ:រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីជួយជាតិមាតុភូមិ

ភ្នំពេញ ៖ អតីតប្រធានអង្គការតម្លាភាព លោក ព្រាប កុល ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា លោក សម្រេចចិត្តចូលរួមជាមួយរាដរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តលើមុខជំនាញធុរៈកិច្ច និងបច្ចេកទេស សម្រាប់បម្រើជាតិមាតុភូមិកម្ពុជា។ ការថ្លែងពីសំណាក់ លោក ព្រាប កុល បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាសណ្ឋានគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

គួរបញ្ចាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានតែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ។ លោក ព្រាប កុល គឺជាអតីតនាយកប្រតិបត្តិអង្គការតម្លាភាព ហើយ លោក បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជាត្រឹមថ្ងៃទី១២ មេសា ឆ្នាំ២០២០។

លោក ព្រាប កុល បានគូសបញ្ជាក់ថា” ខ្ញុំមានបំណងចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចប្រើប្រាស់ចំណេះដឹង ជំនាញ ទេពកោសល្យ និងបទពិសោធជាងម្ភៃឆ្នាំ ពីកិច្ចការងារនៅស្ថាប័នអន្តរជាតិជាច្រើនក្នុងរយៈកាលកន្លងទៅ ក្នុងក្របខណ្ឌជំនាញឯកទេស វិជ្ជាជីវៈ និងបច្ចេកទេស ។

អតីតប្រធានអង្គការតម្លាភាព រូបនេះក៏បានធ្វើការប្រតិកម្មឆ្លើយតបចំពោះក្រុមមនុស្សមួយចំនួនដែលបានធ្វើការរិះគន់លោកផងដែរថា ដោយសុំឱ្យមើលឃើញពីបំណងល្អ និងការសម្រេចចិត្តរបស់លោក ពីព្រោះលោកយល់ថាឆន្ទៈមនុស្សម្នាក់ៗផ្សេងៗគ្នា និង កុំឱ្យតែគេធ្វើអ្វីខុសបំណងរបស់ខ្លួនហើយវាយប្រហាររិះគន់គេនោះឡើយ។

លោកបានបញ្ជាក់បន្ថែមថា ដូចដែលបងប្អូនជនរួមជាតិបានជ្រាបស្រាប់ នាពេលកន្លងទៅ ខ្ញុំបានបំពេញមុខងារនៅស្ថាប័នមិនមែន រដ្ឋាភិបាលអន្តរជាតិជាច្រើន ហើយតាមរយៈមុខងារទាំងនោះ ខ្ញុំបានផ្តល់នូវធាតុចូល និងអនុសាសន៍ជាគន្លឹះ មួយចំនួន ដើម្បីរួមចំណែកដោយផ្ទាល់និងដោយប្រយោល ដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពាក់ពន្ធ័ទៅនឹងអភិបាលកិច្ចល្អ ការគ្រប់គ្រងហិរញវត្ថុសាធារណ: កំណែទម្រង់ពន្ធដារ ការលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គមជាដើម ដែលមានសារៈសំខាន់សម្រាប់ការ អភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងនិរន្តរភាព ។

លោក ព្រាប កុល បានឱ្យដឹងជុំវិញបញ្ហាមកចូលរួមជាមួយរាជរដ្ឋភិបាលនេះដែរថា”ក្រោយការសំណេះសំណាលនិងពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី អស់រយ:ពេលជាងបួនម៉ោង សម្តេចបានផ្តល់នូវសេចក្តីទុកចិត្ត និង ឱកាសដល់ខ្ញុំបាទ និងបានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងខ្ញុំបាទ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ហើយ សម្តេច បានយល់ស្របឱ្យខ្ញុំធ្វើកិច្ចការ តាមជំនាញឯកទេស បទពិសោធ និងទេពកោសល្យរបស់ខ្ញុំ ជាពិសេសលើផ្នែកដែលពាក់ព័ន្ធនឹង១.ការវិនិយោគ បរទេស ២.កំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងផ្នែកស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដូចជាផ្នែក អភិបាលកិច្ចល្អ និងការចូលរួមផ្តល់មតិយោបល់ ឬធាតុចូលក្នុងការពាត់តែងគោលនយោបាយនានា ដោយធ្វើការ ផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង”។

លោក ព្រាប កុល បានថ្លែងដែរថា៖ នេះជាពេលវេលាសមស្របមួយ ដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តចូលរួមបម្រើជាតិតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចបន្តប្រើប្រាស់ចំណេះដឹង ជំនាញឯកទេស និងទេពកោសល្យរបស់ខ្ញុំខណៈខ្ញុំនៅមានថាមពល និងស្របតាមបរិការណ៍សង្គម សេដ្ឋកិច្ចជាតិ និងអន្តរជាតិ ៕
អត្ថបទ៖លោក ជិនម៉ាដេប៉ូ ,រូបភាព៖លោក វ៉េង លីហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner