អភិបាលរាជធានីភ្នំពេញ ៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ បានពីការចូលរួមជួយឧបត្ថមគាំទ្រ តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានីភ្នំពេញជាច្រើន។
ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាននៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការសម្រាប់ស្ថានភាព បន្ទាន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញនឹងសិក្សាស្វែងយល់ បទពិសោធន៍ពីទីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញអោយកាន់តែរីកចំរើនបន្ថែមទៀត ។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការបានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)យ៉ាងសំបូរបែប។ នៅរយៈពេល២ខែទៀតទេ យើងនឹងបើកសម្ពោធ ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ ។ គម្រោងនេះជាគម្រោងធំមិនធ្លាប់មានពីមុន ហើយក៏មិនចេះតែធ្វើបាននោះដែរ តែសម្រាប់រាជធានីភ្នំពេញ យើងបានបង្កើតឱ្យមានគម្រោងនេះហើយ ។

គួរបញ្ជាក់ថា៖ ទស្សនកិច្ចការងាររបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានគោលបំណង២ ទី១. សម្ភោធសមិទ្ធិផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម អន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន ៖ – ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។-ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
២. រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០,០០ អឺរ៉ូ ក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហសាធារណៈក្នុងទីក្រុង, ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់៕


ដោយ ថេត វិចិត្រ+ហេង សម្បត្តិ