ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ លោកជំទាវ យូ អយ ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូន លោកជំទាវ យូ អយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់គេហដ្ឋាន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកជំទាវ បានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅមន្ទីរគ្រប់គ្រងសណ្ឋាគាររដ្ឋក្រុងភ្នំពេញ ជាមន្រ្តីក្រសួងការបរទេស អនុប្រធាន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ានកម្ពុជា សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិដើម្បីស្រ្តីនិងអគ្គលេខាធិការគណៈកម្មាធិការកម្ពុជាការពារសាមគ្គីភាព សមាជិកអចិន្រ្តៃយ៍ នៃអង្គការសាមគ្គីភាពអាស៊ីអាព្រិច រដ្ឋលេខាធិការក្រសួងកិច្ចការនារី អតីតយុទ្ធជន ២អាណត្តិ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោកជំទាវ យូ អយ និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner