កូរ៉េខាងត្បូង ត្រៀមដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ
កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូងបានប្រកាសពីផែនការដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួន នៅក្នុងខែកញ្ញាខាងមុខនេះ ដើម្បីលុបចោលការអនុគ្រោះពិសេសនៃការធ្វើពាណិជ្ជកម្មមួយចំនួនសម្រាប់ទីក្រុងតូក្យូ។
ការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានកើតមានឡើងស្របពេលដែលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានផ្ទុះឡើង ក្រោយជប៉ុនប្រកាសដកកូរ៉េខាងត្បូងចេញពីបញ្ជីស ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងឧស្សហកម្ម នាអំឡុងសង្រ្គាមលោកលើកទី២។
ពាក់ព័ន្ធនឹងការដកជប៉ុនចេញពីបញ្ជីសខាងលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង លោក ស៊ុង យុនម៉ូ បានលើកឡើងថា ការចាត់វិធានការនេះ គ្រោងនឹងត្រូវចូលជាធរមាននៅខែកញ្ញាខាងមុខ ជាការឆ្លើយតបទៅនឹងជប៉ុន ដែលបានប្រកាសដកទីក្រុងសេអ៊ូលចេញពីបញ្ជីស និងរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ៗដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ៕ធ.ដ



