អត្តលិកនគរបាលជាតិ ដណ្តើមបានមេដាយសរុប១៥គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡា នគរបាលពិភពលោក នៅប្រទេសចិន
ក្រុមកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្តើមមេដាយបន្ថែមទៀតហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Gamesនៅខេត្ត Cheng Du នៃសាធារណរដ្ឋប្រជាមានិតចិន។ ពេលនេះ កម្ពុជាប្រជែង បានមេដាយចំនួន១៥គ្រឿងហើយ ដែលក្នុងនោះមេដាយមាសចំនួន៣គ្រឿង ប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធិចំនួន៥គ្រឿង។
ប្រភេទកីឡាដែលដណ្ដើមបានមេដាយនោះ មានប្រភេទកីឡាហែលទឹក បានមេដាយមាស១គ្រឿង ប្រាក់២ និងសំរឹទ្ធិ២គ្រឿង។ ការប្រណាំងទូកនាគចម្ងាយ២០០ម៉ែត្រ ចំណុះ១០នាក់ បានមេដាយមាស១គ្រឿង។ វាយកូនឃ្លីលើតុ មេដាយសំរឹទ្ធិ ១គ្រឿង ចំបាប់បានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធិ១គ្រឿង។ ប្រភេទកីឡាយូ បានមេដាយប្រាក់៣គ្រឿង និងសំរឹទ្ធិ១។ គួររម្លឹកថា ព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Games រៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា។
កីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយនោះ មានមេដាយមាស ដណ្តើមបានដោយកីឡាការិនី សុខ វរល័ក្ខណ៍ វិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ មេដាយសំរឹទ្ធិ កីឡាករ ចេង សុផាវិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ និងកីឡាករ ធឿន ចាន់ថុល ប្រជែងបានមេដាយ សំរឹទ្ធិ ១គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងវិញ្ញាសា ហែលផ្ងារ ចម្ងាយ៥០ម៉ែត្រ។ កីឡាវាយកូនឃ្លីលើតុកីឡាករសឺន តុលា និងកីឡាករ ឡាយ ភក្តី បានដណ្តើមមេដៃសំរឹទ្ធិ ១គ្រឿង លើវិញ្ញាសាគូបុរស។ ក្រុមកីឡាចំបាប់កាច់ដៃរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន៤គ្រឿង ក្នុងនោះមាន មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង ចំណែកកីឡាយូដូដណ្តើមមេដាយប្រាក់១គ្រឿង។
សូមរំឭកថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩៦រូប និងកីឡាចំនួន១២ប្រភេទ រួមមាន៖ តេក្វាន់ដូ ការ៉ាតេ យូដូ ជឺជីតស៊ូ ចំបាប់ វាយសី វាយកូនឃ្លីលើតុ ហែលទឹក ទ្រីយ៉ាត្លុង អត្តពលកម្ម បាល់ឱប និងប្រណាំងទូក៕ធ.ដ










