កាណាដាចង់ក្លាយជាមិត្តល្អបំផុតជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រាប់សមាជិកសភាកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ ខែឧសភាថា កាណាដាត្រូវតែក្លាយជា “មិត្តល្អបំផុត” ជាមួយកូរ៉េខាងត្បូង ខណៈដែលប្រទេសទាំងពីរស្វែងរកការប្រឆាំងនឹងឥទ្ធិពលក្នុងតំបន់ ដែលកំពុងកើនឡើងរបស់ចិន។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសកូរ៉េខាងត្បូង ដែលគាត់នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន ស៊ុកយុល។ ក្នុងអំឡុងសុន្ទរកថាទៅកាន់សភាជាតិកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល លោក ទ្រូដូ បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមកទីនេះ ដើម្បីប្រាប់អ្នកថា ពួកយើងត្រូវតែធ្វើជាមិត្តល្អបំផុត។

លោកថា ការរួបរួមគឺជារឿងចាំបាច់បំផុត ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលវិបាកដ៏រ៉ាំរ៉ៃពីជំងឺរាតត្បាតកូវីដ១៩, ការកើនឡើងតម្លៃរស់នៅ និងផលប៉ះពាល់ពិតប្រាកដ និងគួរឱ្យភ័យខ្លាចនៃការប្រែប្រួលអាកាសធាតុ និងសង្រ្គាម។

ជាមួយគ្នានេះ លោក ទ្រូដូ និងលោក យ៉ូន ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់សារធាតុរ៉ែសំខាន់ៗ ដែលប្រើក្នុងការផលិតអាគុយរថយន្តអគ្គិសនី ដែលកាណាដាមាន ហើយក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងត្រូវការ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ទ្រូដូ នាពេលនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក យ៉ូន ទៅកាន់ទីក្រុងអូតាវ៉ា ប្រទេសកាណាដា កាលពីឆ្នាំមុន។

ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានបញ្ចេញយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ពួកគេ ដោយផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ការជំរុញទំនាក់ទំនងយោធា និងសេដ្ឋកិច្ចនៅក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner