អតីតទូតជប៉ុន និងជាប្រធានក្រុមគាំទ្រយូដូកម្ពុជា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជា ផ្នែកយូដូ បន្តទៀត
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ហ្គូតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា កីឡាករកីឡាការិនីកម្ពុជា មានសក្ដានុពល និងមានទេពកោសល្យផ្នែកយូដូណាស់។ ក្នុងន័យនេះ លោកក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជាបន្តទៀត។

លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំស៊ីហ្គេមបានយ៉ាងជោគជ័យត្រចះត្រចង់។ លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា កីឡាករកីឡាការិនីកម្ពុជា មានការតស៊ូព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់នៅហ្វឹកហាត់ប្រទេសជប៉ុន ហើយគ្រូបង្វឹកកីឡាករកីឡាការិនីមានការគោរព និងផ្អើលយ៉ាងខ្លាំង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ្គូតូរ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតអគ្គរដ្ឋទូតជប៉ុន លោកគ្រូអ្នកគ្រូបង្វឹក និងប្រជាជនជប៉ុនដែលបានជួយគាំទ្រដល់ការហ្វឹកហាត់កីឡាករកីឡាការិនីកម្ពុជារហូតដល់ទទួលបានមេដាយ ដែលពីមុនមកមិនដែលទទួលមេដាយបែបនេះ ។

សម្តេចតេជោ ក៏បានស្នើសុំឲ្យលោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏ដូចជាលោកគ្រូអ្នកគ្រូយូដូរបស់ជប៉ុន បន្តជួយហ្វឹកហាត់កីឡាករកីឡាការិនីកម្ពុជាបន្តទៀត ពីព្រោះថា បេសកកម្មរបស់កម្ពុជា មិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ គឺត្រូវចូលរួមការប្រកួតដទៃទៀត។ ម្យ៉ាងទៀត កីឡានាំមកនូវសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ចំពោះយុវជន និងយុវជន ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ