នាយករដ្ឋមន្ត្រីកម្ពុជា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានបញ្ជាក់លើបណ្ដាញសង្គមតេលេក្រាមដូច្នេះថា៖ កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០ មេដាយ ។

សម្ដេចបន្តថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២គ្រឿង ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប) ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ។

ចំពោះតារាងមេដាយដែលអត្តពលិកកម្ពុជា ដណ្តើមបានជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ មានចំនួនសរុប ២៨២មេដាយ ក្នុងនោះ មេដាយមាសចំនួន ៨១គ្រឿង, មេដាយប្រាក់ចំនួន ៧៤ គ្រឿង និងមេដាយសំរឹទ្ធ ១២៧ គ្រឿង ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner