រយៈពេល ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤ពាន់ករណី (Video Inside)
ប្រទេសចំនួនតែ៤ប៉ុណ្ណោះក្នុងអាស៊ាននៅថ្ងៃទី១៧ ឧសភានេះ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជាមិនមានការឆ្លងថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ពាន់ ៩០៤ករណី ដែលជាតួលេខឆ្លងថយចុះមកវិញចំនួន ២ពាន់ ៨៩ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ១៥ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ១៦២ករណី។ ប្រទេសម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, ឡាវ, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាន នាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ១ម៉ឺន ៤ពាន់ ៣៥ករណី, និងការស្លាប់សរុប មានចំនួន ៣៦ម៉ឺន ៧ពាន់ ៥៨៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ, ការឆ្លង វីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៨លានករណី, និងការស្លាប់មានជាង ៦លាន ៨៧ម៉ឺន នាក់៕