អាជ្ញាធរទទួលបណ្តឹង១ករណីទៀត ស្វែងរកការជួយសង្គ្រោះជនជាតិចិន (Video Inside)
សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនម្នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។
កម្ពុជានៅតែបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅ បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា គិតត្រឹមរសៀលថ្ងៃទី១៦ ឧសភា ក្រសួងមហាផ្ទៃបានទទួលការស្នើរកការជួយសង្គ្រោះជនជាតិចិនម្នាក់ ដែលមិនបញ្ជាក់នូវអត្តសញ្ញាណ និងទីកន្លែងច្បាស់លាស់ឡើយ។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរក និងជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្សខុសច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៨៧៧ករណី ជាមួយមនុស្ស ២ពាន់១៨២នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ច បានស្រាវជ្រាវអង្កេតបឋមបាន ៨៥០សំណើ, បិទសំណុំរឿង ២៩៣សំណើ, រកឃើញ ១ពាន់ ២៦២នាក់, ឃាត់ខ្លួន១៣២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង និងកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៨៤ករណី៕