រដ្ឋបាលខណ្ឌច្បារអំពៅ បើកវេទិការសន្ទនារវាងថ្នាក់ដឹកនាំខណ្ឌ ជាមួយក្រុមប្រឹក្សា ខណ្ឌ សង្កាត់ កងកម្លាំង មន្រ្តីការិយាល័យជំនាញ និងមេភូមិ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខណ្ឌច្បារអំពៅ បានបើកវេទិការសន្ទនារវាងថ្នាក់ដឹកនាំខណ្ឌ ជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ កងកម្លាំង  មន្រ្តីការិយាល័យជំនាញ និងមេភូមិ នាព្រឹកថ្ងៃទី១២ ខែសីហានេះ ក្រោមវត្តមានលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

លោកចេង មុនីរ៉ា បានឲ្យដឹងថា៖ នេះជាលើកទី២ហើយ ដែលរដ្ឋបាលខណ្ឌច្បារអំពៅ បានបើកវេទិការសាធារណៈជាមួយក្រុមប្រឹក្សាខណ្ឌសង្កាត់ កងកម្លាំង មន្រ្តីការិយាល័យជំនាញ និងមេភូមិទាំង៨ ដែលជាមន្រ្តីក្រោមឪវាទ របស់សាលាខណ្ឌ ខុសប្លែកពីពេលមុនៗ ដែលយើងធ្វើតែជាមួយប្រជាពលរដ្ឋ។ ការធ្វើវេទិការនេះ ក្នុងគោលបំណងដើម្បីឲ្យមន្រ្តីអនុវត្តការងារក្រោមឱវាទទាំងអស់ លើកឡើងពីកង្វល់ និងការលំបាកនានា ដែលខ្លួនកំពុងអនុវត្ត។ ជាមួយគ្នានេះ វេទិការ ក៏បានផ្តោតឲ្យមានការពិភាក្សាវែកញែកលើការងារសំខាន់ៗមួយចំនួនដូចជា៖ ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ អនាម័យ បរិស្ថាន និង ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធ។

លោក អភិបាលខណ្ឌ បានបញ្ជាក់ថា៖ តាមរយៈវេទិកានេះ យើងទាំងអស់គ្នា នឹងរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សំរាប់ឲ្យរដ្ឋបាលខណ្ឌ យកទៅពិចារណាធ្វើការកែទម្រង់ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកំពស់គុណភាព នៃ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ទាំង៨ ឲ្យកាន់តែល្អទ្វេរឡើងថែមទៀត។

ការចូលរួមផ្តល់មតិយោបល់របស់មន្រ្តីទាំងអស់ បាននាំមកនូវត្រិវិស័យ និងសក្តានុពលដ៏ធំធេង ដើម្បីឲ្យរដ្ឋបាលខណ្ឌ ធ្វើការឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត និងចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឲ្យគណៈអភិបាលខណ្ឌ យកទៅពិចារណា ដើម្បីធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្រប ឆ្លើយតបបានតាមសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ នៅក្នុងវេទិកានេះ មានមន្រ្តីមូលដ្ឋានជាច្រើន បានលើកឡើងពីកង្វល់ ផ្សេងៗ ដូចជាបញ្ហាឡានដឹកខ្សាច់តាមផ្លូវជាតិលេខ១ ក្នុងធ្វើឲ្យដីខ្សាច់ធ្លាក់មកលើផ្លូវថ្នល់ បញ្ហាសំរាម មានការយឺតយូរដឹកយកចេញ និង បញ្ហាប្រើប្រាស់គ្រឿងញៀនជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner