លោក ស៊ី ជីនពីង នឹងជួបជាមួយមេដឹកនាំមកពីប្រទេសចំនួន៥ នៅពេលទីក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល

ប៉េកាំង៖ មេដឹកនាំចិន និងប្រជាជាតិអាស៊ីកណ្តាលបានប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលបានប្រមូលផ្តុំមេដឹកនាំមកពីប្រទេសអាស៊ីកណ្តាលចំនួន៥ ក្នុងនោះរួមមានកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងប្រទេសចិនផងដែរ។ កិច្ចប្រជុំកំពូលដែលធ្វើឡើងជាលើកដំបូងនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីអាន ខេត្តសានស៊ី ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេសចិនបានលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងឡើងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំនេះ។ បន្ទាប់មក លោក ស៊ី នឹងធ្វើការផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំដទៃទៀត អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យដ៏ទូលំទូលាយ។ ក្រុមមេដឹកនាំនឹងត្រូវបញ្ចប់កិច្ចប្រជុំកំពូល បន្ទាប់ពីការចុះហត្ថលេខារួមគ្នាលើឯកសារនយោបាយ។

ការពង្រីកការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលមានបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំមួយ ស្ថិតក្នុងរបៀបវារៈកម្រិតខ្ពស់។ ជាមួយគ្នានេះ លោក ស៊ី ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំនីមួយៗផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើនេះធ្វើឡើងចំពេលដែលមេដឹកនាំក្រុមប្រទេស G7 គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃសុក្រទី១៩ ខែឧសភានេះ។ ចិនហាក់ដូចជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner