រុស្ស៊ី និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការសាងសង់បណ្តាញដឹកជញ្ជូនដ៏ធំមួយ
តេហេរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃទី១៧ ខែឧសភា បានព្រមព្រៀងសហការគ្នាលើការសាងសង់ផ្នែកចុងក្រោយ នៃបណ្តាញដឹកជញ្ជូនពាណិជ្ជកម្ម ដែលភ្ជាប់ទៅនឹងឈូងសមុទ្រ និងប្រទេសឥណ្ឌា ដើម្បីជៀសវាងផ្លូវសមុទ្រប្រទេសលោកខាងលិច។
រដ្ឋមន្ត្រីដឹកជញ្ជូនអ៊ីរ៉ង់ លោក ម៉េដេដ បាស់ផាស់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីរុស្ស៊ីនៅទីក្រុងតេហេរ៉ង់ បាននិយាយថា ផ្លូវដែកប្រវែង១៦៤គីឡូម៉ែត្រនៅភាគខាងជើងរបស់ប្រទេសអ៊ីរ៉ង់ នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៣ឆ្នាំ។ ផ្លូវដែកដែលបានគ្រោងទុកនេះ នឹងតភ្ជាប់ទីក្រុងរ៉ាត់ ដែលជាទីក្រុងនៅភាគខាងជើងប្រទេសអ៊ីរ៉ង់ និងទីក្រុងអាស្តារ៉ា នៅជិតព្រំដែនជាមួយប្រទេសអាស៊ែបៃហ្សង់។
ផ្លូវដែកនេះដែរ គឺជាតំណភ្ជាប់តែមួយគត់ ដែលជាច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង (INSTC) ពីភាគឦសាននៃប្រទេសរុស្ស៊ី តាមរយៈអាស៊ែបៃហ្សង់ទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ និងទៅកាន់ប្រទេសឥណ្ឌាតាមច្រកសមុទ្រ។ លោក បាស់ផាស់ បាននិយាយថា កិច្ចព្រមព្រៀងចុងក្រោយនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយនៅលើផ្លូវនៃកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់-រុស្ស៊ី។
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាខាងលើតាមវីដេអូអនឡាញ បានសាទរចំពោះឱកាសសេដ្ឋកិច្ចដែលកើតចេញពីកិច្ចព្រមព្រៀងគ្នានេះ។ ទន្ទឹមគ្នា លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា សរសៃឈាមដឹកជញ្ជូនពីភាគខាងជើងទៅខាងត្បូងតែមួយគត់ នោះគឺផ្លូវរថភ្លើងរ៉ាត់-អាស្តារ៉ា ដែលនឹងក្លាយជាផ្នែកមួយ ក្នុងការជួយធ្វើពិពិធកម្មលំហូរដឹកជញ្ជូនអន្តរជាតិយ៉ាងសំខាន់។ លោកថា ការដឹកជញ្ជូនទំនិញតាមច្រករបៀងថ្មីនេះ នឹងមានគុណសម្បត្តិប្រកួតប្រជែងយ៉ាងខ្លាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


