សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស, ហេដ្ឋារចនាពាក់ព័ន្ធនានាលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស, ហេដ្ឋារចនាពាក់ព័ន្ធនានាលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានវិនិយោគច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានវិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។
សម្តេច ក៏បានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់ បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត ។
សម្តេចតេជោ ក៏បានថ្លែងកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ ។
ក្នុងឱកាសនេះ សម្តេចបានលើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជា ដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ ដែលកំពុងមានការរីករាលដាលខ្លាំង ។ នាអំឡុងពេលនោះ មានសារព័ត៌មានមួយចំនួនបានវាយប្រហារមកកាន់ប្រទេសតូចដូចជាកម្ពុជា និងឡាវជាដើម ក្នុងការមិនអាចគ្រប់គ្រងជំងឺកូវី១-១៩បាន ប៉ុន្ដែផ្ទុយទៅវិញកម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសអ្នកមានមួយចំនួនទៅវិញ ។
លទ្ធផលនេះ សម្ដេចបានណែនាំឱ្យមានការ ចង់ក្រងទុកនូវការអនុវត្តការងារគ្រប់គ្រងកូវីដ-១៩ របស់កម្ពុជា ទាក់ទងនឹងការ ចាត់ចែងគ្រប់គ្រង និងធ្វើសកម្មភាពនៃការគ្រប់គ្រងកូវីដ-១៩ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


