អតីតយុទ្ធជនជាង ២០០០នាក់នៅខេត្តកំពង់ធំ ត្រៀមទទួលគ្រឿងឥស្សរិយយសការពារជាតិ នៅថ្ងៃទី២០ ខែឧសភា

ខេត្តកំពង់ធំ ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រៀមបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនជាង ២០០០នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តំណាងឱ្យគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើតាម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន នៅថ្ងៃទី១៧ ឧសភា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីរៀបចំការប្រកាសសេចក្តីសម្រេចបែងចែកភារកិច្ច ជូនក្រុមការងាររៀបចំកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន ២១០៥នាក់។

ឯកឧត្តម សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទូលថ្វាយសុំព្រះមហាក្សត្រ ព្រះរាជទានគ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស និងប្រាក់ជាលើកទី២ ជូនដល់អតីតយុទ្ធជនដែលធ្លាប់មានគុណអំណាចចំពោះជាតិនិងមាតុភូមិ ខណៈអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិមានចំនួនសរុប ៣៤៤៧នាក់ ហើយអតីតយុទ្ធជនដែលត្រូវបំពាក់ជូនជំហានទី១ នៅពេលខាងមុខនេះមានចំនួន ២១០៥នាក់ គ្រោងអញ្ជើញមកពីស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាលោក ឈត ប៊ុនថង យល់ថា ការផ្តល់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន គឺបង្ហាញឱ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់យ៉ាងធំធេង ពីព្រោះពួកគាត់សុទ្ធតែអ្នកដែលលះបង់ដើម្បីជាតិ និងមានគុណចំពោះជាតិ។

លោកថា៖«តាមពិតទៅរាជរដ្ឋាភិបាលមិនមែនគ្រាន់តែបំពាក់គ្រឿងឥស្សរិយយសទេ គឺរាជរដ្ឋាភិបាលតែងតែផ្ដល់នូវប្រាក់ជួយទៅដល់គាត់ ដែលហៅថាប្រាក់សោធននិវត្តន៍ ជាប្រាក់ប.ស.ស ឬក៏ជាប្រាក់គេហៅថា ទាក់ទងការបាត់បង់សមត្ថភាពវិជ្ជាជីវៈអីជាដើម ។

សូមជម្រាបថា ថ្មីៗនេះ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមពិធីបំពាក់គ្រឿងឥស្សរិយយសជូន អតីតយុទ្ធជនក្នុងខេត្តបាត់ដំបង តាកែវ និងខេត្តកំពង់ឆ្នាំងផងដែរ។ ឯកឧត្តម គន់ គីម បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ ៕ ដោយ៖ សុខ រក្សា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner