សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះ របស់ជាតិ មិនចាយអស់ទេ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (University of Health Science) ចំនួនជាង១ពាន់នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចគិតថា សម្តេចសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះ ដោយការទទួលខុសត្រូវ ហើយ ដោយក្នុងនោះ ចាប់ផ្ដើម យក គំនិតផ្ដួចផ្ដើម ស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែក បញ្ចូលមក តាមរយៈការមិនបង់ថ្លៃ ។ សម្តេច សង្កត់ធ្ងន់ថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ មិនចាយអស់ទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ក្នុងឋានៈជាសមាជិកអាស៊ាននិងជាមេដឹកនាំ នៃប្រទេសអាស៊ានមួយរូប សម្តេច ក៏ត្រូវ មានគំនិតផ្ដួចផ្ដើម ទៅលើបញ្ហានេះ ឬបញ្ហានោះ ក្នុងនោះ ក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើ សកម្មភាពមុន ដើម្បីជាការពង្រឹងនូវ សាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ានយើង។

សម្តេចតេជោ បន្តថា ចាយប្រមាណ ៧លានដុល្លារថែមប៉ុណ្ណោះ សម្រាប់ការស្នាក់នៅ របស់កីឡាករ កីឡារិនី និងការហូបចុក តែយើងបានមកវិញ នូវការរាប់អានពីមិត្តភក្តិ ក្នុងអាស៊ាន ហើយចេញផុតពីនោះ អ្នក មកយកព័ត៌មាន អ្នកមកទស្សនា នៅក្នុងប្រទេស របស់យើង ដែលយើងមិន បាន លក់សំបុត្រទេ អញ្ចឹងទេ ផ្ដល់ឱកាសឲ្យប្រជាជន នៅក្នុងតំបន់ ប្រជាជនកម្ពុជាយើង ប្រជាជននៅក្នុងតំបន់យើង និងមកពីក្រៅតំបន់ មានឱកាសចូលទៅមើលកីឡានេះ កីឡានោះ ទៅតាមចំណូលចិត្តរបស់គាត់»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តទៀតថា យើងបានឆ្លងផុតនៅដំណាក់កាលនេះ ដោយការទទួលខុសត្រូវ ដោយមិនមានអ្នកណាម្នាក់ មានបញ្ហាកើតឡើង នៅក្នុង ប្រទេសកម្ពុជាទេ។ ហើយ រឿងនេះ ក៏វាជារឿងល្អ សម្រាប់ប្រទេសរបស់យើង។ សម្តេច ថា កេរ្តីឈ្មោះ របស់កម្ពុជា វាសំខាន់ណាស់ វាបន្សល់ទុក មិន គ្រាន់តែមួយថ្ងៃ ពីរថ្ងៃ ឬមួយឆ្នាំ ពីរឆ្នាំទេ វាបន្សល់ទុក ១០០ ឆ្នាំ តទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា ។

សម្តេចក៏បានរំលឹកទៅដល់ព្រឹត្តិការណ៍ ហ្គានីហ្វូ (ganifore) នៅកម្ពុជាដែលបានធ្វើតាំងពី ឆ្នាំ១៩៦៦ គឺបានបន្សល់ទុកកេរ្តិ៍ឈ្មោះ រហូតមកដល់ពេលនេះ បើទោះបីជាកម្ពុជា ឆ្លង កាត់សង្គ្រាម ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ និងការ ផ្លាស់ប្ដូររបបច្រើន ក៏ប៉ុន្តែ ព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងមុខ មាត់កម្ពុជា នៅពេលនោះ បានរក្សាទុក មកដល់បច្ចុប្បន្ន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner