មនុស្សរាប់ពាន់នាក់ដើរដង្ហែរតវ៉ាប្រឆាំងនឹងភាពក្រីក្រនៅប្រទេសអាហ្សង់ទីន

ប៊ុយណូស៊ែ៖ សកម្មជនរាប់ពាន់នាក់មកពីអង្គការសង្គមស៊ីវិលអាហ្សង់ទីន នៅថ្ងៃទី១៧ ខែឧសភា បានធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងប៊ុយណូស៊ែរ នៅមុខវិមានរដ្ឋាភិបាល ដើម្បីធ្វើការតវ៉ាតម្លើងប្រាក់បៀវត្សការងារ, ប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ នៅពេលដែលប្រទេសអាហ្សង់ទីនកំពុងឆ្លងកាត់វិបត្តិជាមួយនឹងអតិផរណាបន្ថែមទៀត ដែលច្រើនជាង១០០ភាគរយក្នុងមួយឆ្នាំ។

មេដឹកនាំសហជីពកម្មករមួយរូបបាននិយាយថា យើងកំពុងបោះជំរុំនៅទីនេះ ដើម្បីទាមទារអ្វីៗជាមូលដ្ឋានមានដូចជាការងារ ការថែទាំសុខភាព និងការអប់រំជាដើម។ ដូចដែលខ្ញុំទើបតែនិយាយ ការទទួលខុសត្រូវក្នុងការបញ្ឈប់អតិផរណា គឺស្ថិតលើរដ្ឋាភិបាល ហើយប្រសិនបើពួកគេមិនអាចធ្វើបានទេនោះ ពួកគេត្រូវតែចាកចេញអំណាច។

ចំណែកសមាជិកនៃក្រុមចលនាកម្មករសង្គមនិយម (MST) មួយរូបទៀតបានបញ្ជាក់ថា ប្រធានាធិបតីអាហ្សង់ទីន លោក អាល់ប៊ឺតូ ហ្វឺណាន់ដេស បាននិយាយកាលពីមួយឆ្នាំមុនថា គាត់កំពុងចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអតិផរណា។ គិតមកទល់ពេលនេះ វាហាក់ដូចជាគាត់បានលើកទង់ស ហើយបានបោះបង់ចោលរួចហើយ ព្រោះដូចដែលអ្នកបានឃើញអតិថិផរណានៅក្នុងខែនេះ កើនឡើងជាង៨ភាគរយ ហើយតម្លៃម្ហូបអាហារកើនឡើងកាន់តែច្រើន ខណៈដែលប្រាក់ឈ្នួលទាប។

ដោយឡែកមេដឹកនាំបាតុករមួយរូបទៀតក៏បាននិយាយផងដែរថា ថ្ងៃស្អែក ពួកយើងនឹងប្រមូលផ្តុំជាមួយវិស័យផ្សេងទៀតដើម្បីដើរតវ៉ា ដោយសារតែវិបត្តិសង្គម និងសេដ្ឋកិច្ចដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ ដូច្នេះពួកយើងនឹងដើរតាមផ្លូវម្តងទៀត។
សូមរម្លឹកថា ប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីរបស់អាមេរិកឡាទីនមួយនេះ កំពុងវិលត្រលប់ទៅក្នុងវិបត្តិហិរញ្ញវត្ថុ និងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ជាក់ស្តែងថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដោយសាររងឥទ្ធិពលពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រទេសអាហ្សង់ទីនបានទទួលរងនូវអតិផរណាលើស៤ភាគរយរយៈពេល ១៣ខែជាប់ៗគ្នា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner