ប្រមុខការទូតអ៊ុយក្រែនប្រាប់ប្រេសិតពិសេសចិនថា អ៊ុយក្រែននឹងមិនកាត់ទឹកដី ដើម្បីជ្រើសយកសន្តិភាពឡើយ

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា បានប្រាប់ប្រេសិតចិនថា ប្រទេសរបស់លោកនឹងមិនទទួលយកសំណើសន្តិភាពណាមួយ ដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីទៅឱ្យរុស្ស៊ីនោះឡើយ។

ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសនៅថ្ងៃទី១៧ ខែឧសភាថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា បានជួបអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន លោក លី ហួយ ដែលទទួលបន្ទុកកិច្ចការអាស៊ី-អឺរ៉ុប។ លោក លី បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែនដោយគោរពតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីខែមុន អំឡុងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថា លោក ខូលេបា បានប្រាប់លោក លី អំពីគោលការណ៍នៃការស្ដារសន្តិភាពឡើងវិញប្រកបដោយនិរន្តរភាព និងយុត្តិធម៌ ដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ ក្រសួងបន្តថា លោក ខូលេបា បានសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនទទួលយកសំណើណាមួយ ដែលពាក់ព័ន្ធនឹងការបាត់បង់ទឹកដីរបស់ខ្លួន ឬការបង្កកជម្លោះនោះទេ។
គួរបញ្ជាក់ថា ប្រទេសចិនបានបង្ហាញឯកសារមួយកាលពីខែកុម្ភៈកន្លងទៅ ដោយជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ីធ្វើកិច្ចសន្ទនា និងធ្វើការលើបទឈប់បាញ់។

ប៉ុន្តែឯកសារនោះមិនបានអំពាវនាវឲ្យដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែននោះទេ។ ជុំវិញបញ្ហានេះដែរ លោក ខូលេបា បានព្រមានទៅកាន់ចិន ដែលនៅតែជិតស្និទ្ធនឹងរុស្ស៊ី មិនឱ្យជំរុញកិច្ចចរចាសន្តិភាពណាមួយ ក្នុងវិធីសាស្ត្រដែលផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី។ បើតាមក្រសួងការបរទេសចិន លោក លី ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ីផងដែរ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner