ឯកឧត្តម ឌិត ទីណា ណែនាំក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ ផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាទីស្តីការក្រសួង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារតាមអនុវិស័យត្រូវយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ និងត្រូវផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីជួយសម្រាលបន្ទុក និងសម្រួលដល់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលក្នុងការប្រកបរបរអាជីវកម្ម និងបង្កើនប្រាក់ចំណេញ ។

លើសពីនេះទៀត ត្រូវផ្តោតលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម និងនិរន្តរភាពបរិស្ថាន ។ ទាក់ទងនឹងការងារនេះ ក្រុមការងារត្រូវគិតគូរលើការអភិវឌ្ឍធនធានមនុស្ស និងសហការគ្នាល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ ៕


ប្រភព៖ក្រសួងកសិកម្ម