មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ បានរួមចំណែកយ៉ាងសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់
(ស្វាយរៀង)៖ ឯកឧត្តមចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ឯកឧត្តមចាយ សាមិត្ត បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ» ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម បានបន្តថា រាល់ការបញ្ជាក់ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្តថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន។ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនិងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឲ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹង ទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ។ ជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកិច្ចស៊ើបអង្កេត កិច្ចស៊ើបសួរ និងការជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។

ឯកឧត្តមចាយ សាមិត្ត ក៏បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀងបានថ្លែងបញ្ជាក់ថា ទោះបីជា ខេត្តស្វាយរៀងពុំទាន់មាននូវតំបន់ការពារធម្មជាតិក៏ពិតមែន ប៉ុន្តែលោកជឿជាក់ថាសិក្ខាសាលាមួយនេះ នឹងផ្តល់នូវចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិដែលជាអ្វីដែលយើងត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ៕

ដោយ ៖ នុត នាង