ឯកឧត្តម សុខ ពុទ្ធិវុធ ៖ ទិន្នន័យគឺជាធនធានដ៏មានសារៈសំខាន់ណាស់សំរាប់ការបោះជំហានទៅមុខនៅក្នុងយុគ្គសម័យឌីជីថលនេះ
ភ្នំពេញ ៖ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើថា ទិន្នន័យគឺជាធនធានដ៏មានសារៈសំខាន់ណាស់សំរាប់ការបោះជំហានទៅមុខនៅក្នុងយុគ្គសម័យឌីជីថលនេះ ។ សក្តានុពលដ៏មានវិសាលភាពរបស់ទិន្នន័យអាចជំរុញឱ្យមាន នវានុវត្តន៍ថ្មីៗ, បង្កើនប្រសិទ្ធភាពនៃការសម្រេចចិត្ត, ដាក់ចេញគោលនយោបាយចំទិសដៅ និងប្រមើលពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងទំនាក់ទំនងការងារប្រចាំថ្ងៃជាដើម។ ទន្ទឹមនឹងការពឹងផ្អែកទៅលើទិន្នន័យដើម្បីបំពេញមុខងារផ្សេងៗ យើងក៏ត្រូវធានាថាទិន្នន័យនេះត្រូវបានប្រើប្រាស់ប្រកបដោយសីលធម៌, តម្លាភាព, គណនេយ្យភាព និងការពារទៅដល់សិទ្ធនិងឯកជនភាពរបស់បុគ្គលផងដែរ។

ការលើកឡើងរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលរសៀលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការកសាងសមត្ថភាព និងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ ដែលត្រូវបានសហការរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)។

ឯកឧត្តម បន្តថា តាមរយៈការស្ទង់មតិនិងកិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា យើងមើលឃើញថា កម្ពុជាមានសាមញ្ញភាពលើអភិបាលកិច្ចទិន្នន័យនេះ លើរចនាសម្ព័ន្ធថ្នាក់ជាតិ ដែលមានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលសម្រាប់បរិវត្តកម្មឌីជីថល ប៉ុន្តែនៅកំពុងរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន ដែលនឹងក្លាយជាសេនាធិការលើអភិបាលកិច្ចទិន្នន័យនេះ។ ចំពោះក្របខណ្ឌគតិយុត្តនៅមានភាពដាច់ដោយឡែក និងទៅតាមវិស័យនៅឡើយ ដែលទាមទារឱ្យមានការរៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យរួម។ ដោយឡែកនីតិវិធីនៃលំហូរទិន្នន័យ និងធនធានមនុស្ស ជំនាញលើអភិបាលកិច្ចទិន្នន័យស្ទើរតែមិនមាននៅកម្ពុជា ។

ឯកឧត្តម សង្ឃឹមថា អង្គសិក្ខាសាលានាពេលនេះ នឹងផ្តល់ចំណេះដឹង អនុសាសន៍ និងឧត្តមានុវត្តន៍សម្រាប់រៀបចំអភិបាលកិច្ចទិន្នន័យជាតិឱ្យបានគ្រប់ជ្រុងជ្រោយ (Comprehensive) មានសមភាព (Equity) បរិយាបន្ន (Inclusive) ភាពចម្រុះ (Diversity) និងអនុវត្តបាននៅតាមក្រសួង ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ជាពិសេសការធ្វើឱ្យមានសង្គតិភាពលើក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិដែលនឹងរៀបចំឡើងនេះ ជាមួយក្របខណ្ឌគតិយុត្តដែលមានស្រាប់។

ឯកឧត្តម ក៏បានធ្វើការថ្លែងអំណរគុណដល់ ក្រុមក្រុមការងារមកពីអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ក្នុងការសម្របសម្រួលរៀបចំសិក្ខាសលានាពេលនេះ។ ដូចគ្នានេះផងដែរ យូអិនដេសា (UNDESA) និងស្ថាប័នពាក់ព័ន្ធនានា ដែលបានផ្តល់ជំនួយបច្ចេកទេស និងផ្តល់ជាអនុសាសន៍ដ៏មានតម្លៃនៅក្នុងអំឡុងពេលសិក្ខាសាលានេះ ៕

អត្ថបទ រូបភាព ង៉ាន់ ទិត្យ