អ្នកវិទ្យាសាស្ត្រព្រមានថា ការកើនឡើងកម្ដៅពិភពលោកនឹងលើសពី ១,៥អង្សាសេ នៅឆ្នាំ២០២៧

អន្តរជាតិ៖ អ្នកវិទ្យាសាស្ត្របានព្រមានថា ពិភពលោកនឹងជួបប្រទះនឹងសីតុណ្ហភាពក្ដៅខ្លាំង ដែលអាចជាប់ជាកំណត់ត្រាថ្មីមួយនៅរយៈពេល ៥ ឆ្នាំខាងមុខ ដោយសីតុណ្ហភាពទំនងជានឹងកើនឡើងលើសពី ១,៥អង្សាសេ ពោលគឺលើសពីកម្រិតសីតុណ្ហភាពគិតជាមធ្យមនៅមុនសម័យបដិវត្តឧស្សាហកម្ម (១៨៥០-១៩០០)។ យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក ឬហៅកាត់ថា WMO បានឱ្យដឹងថា ការបំបែកកំណត់ត្រា ១,៥អង្សាសេ អាចនឹងមានផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់។

កន្លងមក ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុឆ្នាំ២០១៥ ប្រទេសនានាបានសន្យារក្សាសីតុណ្ហភាពពិភពលោកមិនឱ្យខ្ពស់ជាង ១,៥អង្សាសេ ធៀបទៅនឹងកម្រិតសីតុណ្ហភាពមុនសម័យបដិវត្តឧស្សាហកម្មនោះទេ។ ការប្ដេជ្ញានេះបានកើតមានឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញថា ប្រសិនបើកម្តៅលើសពីកម្រិត១,៥អង្សាសេ នោះនឹងធ្វើឱ្យមានមហន្តរាយនិងផលប៉ះពាល់កាន់តែខ្លាំងឡើង។

លោកសាស្រ្តាចារ្យ ភេថឺរី តាឡាស (Petteri Taalas) អគ្គលេខាធិការនៃ WMO បានមានប្រសាសន៍ថា «របាយការណ៍នេះមិនមានន័យថាសីតុណ្ហភាពនឹងលើសពី ១,៥អង្សាសេ ជាអចិន្ត្រៃយ៍ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ ប៉ុន្តែវាសំដៅទៅលើកម្ដៅរយៈពេលវែង ដោយប្រើប្រាស់រយៈពេលច្រើនឆ្នាំទៀត។ យ៉ាងណាក៏ដោយ WMO កំពុងព្រមានយើងថា យើងនឹងមិនអាចធ្វើបានតាមការប្ដេជ្ញាចិត្តក្នុងការរក្សាឱ្យបាននៅក្រោម ១,៥អង្សាសេបានទេ»។

ជាច្រើនឆ្នាំមកនេះ សីតុណ្ហភាពជាមធ្យមនៅលើផ្ទៃផែនដី មិនធ្លាប់លើសពីកម្រិត ១,៥អង្សាសេនោះទេ។ មធ្យមភាគខ្ពស់បំផុតក្នុងឆ្នាំមុនគឺ ១,២៨អង្សាសេ។ យ៉ាងណាមិញ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានរកឃើញថា វាពិតជាអាចទៅរួច ពោលគឺរហូតដល់ទៅ ៦៦ភាគរយ នៃការឈានដល់លើសពីកម្រិត ១,៥អង្សាសេ យ៉ាងហោចណាស់ក៏មានមួយឆ្នាំណាមួយដែលស្ថិតនៅចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

រលកកម្តៅថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពទូទាំងពិភពលោក ហើយការបង្ហាញពីសីតុណ្ហភាពកម្រិតខ្ពស់ទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក លោក ភេថឺរី តាឡាស បានសង្កត់ធ្ងន់លើផលវិបាកធ្ងន់ធ្ងរនៃនិន្នាការរលកកម្ដៅនេះ រួមមានដូចជាផលប៉ះពាល់ដល់សុខភាព សន្តិសុខស្បៀង ការគ្រប់គ្រងទឹក និងបរិស្ថានជាដើម។ លោកក៏បានផ្ដល់ជាដំបូន្មានថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមទាំងនេះ។

ជាក់ស្ដែង តំបន់អាក់ទិកកំពុងជួបប្រទះនឹងការឡើងកម្ដៅខ្លាំងបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៅលើពិភពលោក។ បាតុភូតនេះបានរួមចំណែកផ្ដល់ផលប៉ះពាល់ដល់ការព្យាករទឹកភ្លៀងនៅក្នុងតំបន់ដូចជា ព្រៃអាម៉ាហ្សូន អាមេរិកកណ្តាល អូស្ត្រាលី និងឥណ្ឌូនេស៊ីជាដើម។ ជាពិសេស ព្រៃអាម៉ាហ្សូន កំពុងប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរពីព្រៃដែលមានទឹកភ្លៀងសំណើម ទៅជាព្រៃដែលរីងស្ងួតហួតហែង ដោយសារតែកម្ដៅមានការកើនឡើងខ្លាំង និងការកាប់បំផ្លាញព្រៃឈើ។ ម៉្យាងវិញទៀត ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ភ្លៀងធ្លាក់លើសពីកម្រិតមធ្យមត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់ភាគខាងជើងនៃទ្វីបអឺរ៉ុប អាឡាស្កា ភាគខាងជើងស៊ីបេរី និងតំបន់សាហេល (Sahel) ។

ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពជុំវិញផែនដីត្រូវបានគេព្យាករថានឹងស្ថិតនៅចន្លោះពី ១,១ ទៅ ១,៨ អង្សាសេ ដែលនេះគឺលើសពីមធ្យមភាគសីតុណ្ហភាពកាលពីមុនសម័យបដិវត្តឧស្សាហកម្ម ដែលជាទូទៅត្រូវបានគេគិតចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០។ នៅឆ្នាំ២០១៥ កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានធ្វើឡើងក្នុងគោលបំណងរក្សាកំណើនសីតុណ្ហភាពពិភពលោកជាអតិបរមា ២អង្សាសេ ហើយបណ្ដាប្រទេសទាំងអស់ក៏បានប្ដេជ្ញាខិតខំប្រឹងប្រែង ធ្វើយ៉ាងណារក្សាឱ្យស្ថិតនៅក្រោម ១,៥អង្សាសេ។ ប៉ុន្តែ រហូតមកទល់ពេលនេះ គ្មានការរំពឹងទុកណាមួយដែលថានឹងអាចរក្សាបានត្រឹមកម្រិត ១,៥អង្សាសេក្នុងរយៈពេល ៥ ឆ្នាំខាងមុខនោះទេ។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាភិបាលនានានឹងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា COP28។ វេទិកានេះគឺជាកន្លែងដែលបណ្ដាប្រទេសនានាធ្វើការវាយតម្លៃអំពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ ការវាយតម្លៃនេះទំនងជានឹងបង្ហាញថា ពិភពលោកហាក់នៅឆ្ងាយពីគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៣ភាគរយ ក្នុងទសវត្សរ៍នេះ ដើម្បីអាចរក្សាសីតុណ្ហភាពឱ្យស្ថិតនៅក្រោម ១,៥អង្សាសេបាន៕ ប្រែសម្រួលដោយ៖ ធា សុណា

ads banner