សាលាវិជ្ជាជីវៈ នឹងក្លាយជាកន្លែងបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សទាំងគុណភាព និងបរិមាណ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ និងសួរសុខទុក្ខដល់បុគ្គលិក កម្មក-កម្មការីនីសំណង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ ក្នុងទីតាំងរាជធានីភ្នំពេញប្រមាណ ១២០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានកោតសរសើរលើការរៀបចំការដ្ឋានសាងសង់មានស្តង់ដា សណ្តាប់ធ្នាប់ល្អ មានអនាម័យ មានដាក់ធុងសម្រាបញែក មានបន្ទប់ទឹកសម្រាប់បុគ្គលិក និងកម្មករ ប្រព័ន្ធសុវត្ថិភាព និងគិតគូរសុខភាពជាដើម និងបានទទួលលទ្ធផលសំណង់ល្អលើសពីការគ្រោងទុក។ យោងតាមល្បឿននៃការសាងសង់នេះ អគារសាលាវិជ្ជាជីវៈទេសចរណ៍ទាំងពីររំពឹងថានឹងអាចចេញជារូបរាងរួចរាល់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម លើកឡើងថា វិស័យទេសចណ៍ គឺជាវិស័យដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូងរបស់ក្រសួងទេសចរណ៍នឹងចូលរួមបណ្តុះបណ្តាលជំនាញតាមស្តង់ដា សំដៅពង្រឹង និងពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណ ឆ្លើយតបទៅការអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍កម្ពុជា ។ ការងារសាងសង់អាចនឹងសម្រេចបានតាមផែនការ ហើយរំពឹងថា នៅឆមាសទី២ ឆ្នាំ២០២៤ខាងមុខ សាលាអាចជ្រើសរើសសិស្ស-និសិត្សចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ ដូចជាជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ការបណ្តុះបណ្តាលជំនាញទាំងនេះគឺស្របទៅតាមក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល ១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល ២ឆ្នាំ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកអំណោយចែកជូនកម្មករ-កម្មការីនី ក្នុងម្នាក់អង្ករ១០គីឡូក្រាម និងម៉ី១កេស ផងដែរ។
សូមរំលឹកថា គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅភ្នំពេញ និងនៅខេត្តព្រះសីហនុ គឺជាជំនួយឥណទានហិរញ្ញប្បទាន រវាង កម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ៕



ចាន់ វិចិត្រ